ព័ត៌មានអន្តរជាតិ

​ សហភាពអឺរ៉ុប​ រិះគន់ការហាមឃាត់ការ ធ្វើដំណើររបស់អាមេរិក​ លើជនជាតិអឺរ៉ុបជុំវិញបទប្បញ្ញត្តិបច្ចេកវិទ្យា

ប្រ៊ុចសែល ៖​ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ និងអង់គ្លេស បានថ្កោលទោសយ៉ាងខ្លាំង​ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក​ ក្នុងការដាក់កម្រិតការធ្វើដំណើរលើបុគ្គលអឺរ៉ុបចំនួន​ ៥នាក់ រួមទាំងអតីតស្នងការអឺរ៉ុបលោក​ Thierry Breton។

ដោយចោទប្រកាន់ ពីការចូលរួមរបស់ពួកគេនៅក្នុងការត្រួតពិនិត្យខ្លឹមសារនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់សហរដ្ឋអាមេរិក ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានចេញការរឹតបន្តឹងទិដ្ឋាការលើលោក Breton និងលោក Imran Ahmed ដែលជាពលរដ្ឋអង់គ្លេស និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រឆាំងការស្អប់ខ្ពើមបែបឌីជីថល​ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លោកស្រី Anna-Lena von Hodenberg និងលោកស្រី Josephine Ballon មកពីអង្គការមិនស្វែងរកប្រាក់ចំណេញអាល្លឺម៉ង់ HateAid និងលោកស្រី Clare Melford ដែលជាសហស្ថាបនិក នៃសន្ទស្សន៍ព័ត៌មានមិនពិតសកល។

លោកស្រី Sarah Rogers អនុរដ្ឋមន្ត្រីក្រសួងការទូត សាធារណៈសហរដ្ឋអាមេរិក បានពណ៌នាអំពីលោក Breton ដែលបានចាកចេញពីគណៈកម្មការ អឺរ៉ុបក្នុងឆ្នាំ ២០២៤ថាជា «មេគំនិត» នៃច្បាប់សេវាកម្មឌីជីថលរបស់សហភាពអឺរ៉ុប (DSA)។

ជាការឆ្លើយតប សហភាពអឺរ៉ុប​ បានព្រមានថា ខ្លួននឹងធ្វើសកម្មភាព «យ៉ាងរហ័ស និងម៉ឺងម៉ាត់» ដើម្បីការពារស្វ័យភាពបទប្បញ្ញត្តិរបស់ប្លុក ប្រសិនបើចាំបាច់។

អ្នកនាំពាក្យគណៈកម្មការម្នាក់ បានឧ្យដឹងនៅក្នុងការឆ្លើយតប​ ដែលអាចសន្មតបានទៅកាន់ស៊ីនហួរថា «សេរីភាពនៃការបញ្ចេញមតិគឺ ជាសិទ្ធិជាមូលដ្ឋាននៅអឺរ៉ុប និងជាតម្លៃស្នូលរួមគ្នាជាមួយសហរដ្ឋអាមេរិក​ នៅទូទាំងពិភពប្រជាធិបតេយ្យ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top