ព័ត៌មានអន្តរជាតិ

​ សមាជិកក្រុមប្រឹក្សាសន្តិសុខ​ ជំរុញឱ្យមានការបន្ធូរបន្ថយភាព តានតឹងនៅក្នុងប្រទេស វេណេស៊ុយអេឡា

យូអិន៖​ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលសមាជិកក្រុមប្រឹក្សាសន្តិសុខ ភាគច្រើនលើសលប់បានអំពាវនាវ ឱ្យគោរពធម្មនុញ្ញអង្គការ សហប្រជាជាតិ និងការអត់ធ្មត់​ ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត។

លោក Samuel Moncada Acosta តំណាងអចិន្ត្រៃយ៍របស់ប្រទេសវេណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិ បានព្រមានថា មហិច្ឆតារបស់សហរដ្ឋអាមេរិក​ មិនឈប់នៅត្រឹមវេណេស៊ុយអេឡានោះទេ។

លោកបានឧ្យដឹងនៅក្នុងកិច្ចប្រជុំដែលស្នើសុំដោយវេណេស៊ុយអេឡាថា “មហិច្ឆតានេះគឺជាទ្វីប។ រដ្ឋាភិបាលសហរដ្ឋអាមេរិក​ បានបង្ហាញរឿងនេះនៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិ របស់ខ្លួន ដែលចែងថាអនាគតនៃទ្វីបនេះជាកម្មសិទ្ធិរបស់ខ្លួន ជាមួយនឹងការអនុម័តគោលលទ្ធិ Monroe ក្នុងសតវត្សរ៍ទី២១​ ដែលឥឡូវនេះកាន់តែធ្ងន់ធ្ងរឡើងដោយឧបសម្ព័ន្ធរបស់លោក ត្រាំ”។

លោកបានលេីកឡេីងថា “សហរដ្ឋអាមេរិក ដែលជាប្រទេស​ ដែលមិនអាចខ្វះបានក្នុងការកសាងអង្គការសហប្រជាជាតិ និងក្នុងការព្រាងធម្មនុញ្ញស្ថាបនិក របស់ខ្លួន សព្វថ្ងៃនេះបានក្លាយជាតួអង្គមួយ​ ដែលស្វែងរកការដាក់ខ្លួនឯង លើសិទ្ធិជាមូលដ្ឋានរបស់រដ្ឋទាំងអស់នៅអឌ្ឍគោលខាងលិច”។ “សព្វថ្ងៃនេះ វាបានក្លាយជារដ្ឋមួយ​ ដែលគំរាមកំហែងដល់ច្បាប់អន្តរជាតិ និងសន្តិភាព និងសន្តិសុខ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top