ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ លោក អ៊ុក ពញ្ញា ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយរបស់ លោក អ៊ុក ពញ្ញា រដ្ឋលេខាធិការនិងជានាយកគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រុមការងារអនុវត្តគម្រោង ដែលបានឧបត្ថម្ភ អង្ករ ចំនួន ៥០បាវ សើ្មនឹង ៥០០គ.ក. និង ថវិកា ចំនួន ៨២៥ដុល្លាសហរដ្ឋអាមេរិក មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅចែកជូនគ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានឈ្លានពានសៀម មកលើដែនអធិបតេយ្យភាពនិងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់សប្បុរជនទាំងអស់ ដែលជាការសបញ្ជាក់អំពីស្មារតីសាមគ្គីភាពខ្មែរតែមួយ របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមលះបង់ធនធាន និងកម្លាំងកាយ ចិត្ត ឧបត្ថម្ភជាថវិកា និងសម្ភារផ្សេងៗ ដើម្បីសម្រាលការលំបាករបស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថាក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយការលំបាករបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ដូចជាការផ្គត់ផ្គង់ទឹកស្អាត ការផ្តល់ជូនធុងចម្រោះ និងបង្គន់អនាម័យ ដែលសុទ្ធសឹងជាតម្រូវការចាំបាច់របស់បងប្អូនប្រើប្រាស់។

ទន្ទឹមនឹងនោះ ​លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែលអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពាន៕

To Top