ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ជួបពិភាក្សាតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងគោលបំណង ជំរុញឲ្យមានបទឈប់បាញ់ ឲ្យបានឆាប់រហ័សរវាង កម្ពុជា-ថៃ

ភ្នំពេញ ៖ នាយប់ថ្ងៃទី ២៥ ខែធ្នូ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញ ឲ្យមានបទឈប់បាញ់ ឲ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដេីម្បីស្វែងរកសន្តិភាពយូរអង្វែង សម្រាប់កម្ពុជា និងថៃ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាតាមទូរសព្ទនេះដែល លោករដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃេីញសន្តិភាព ស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជម្រុញ អោយមានបទឈប់បាញ់ អោយបានឆាប់តាមដែលអាចធ្វើទៅបាន។

សម្ដេចធិបតី បានបញ្ជាក់ជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្ត តាមស្មារតីសេចក្ដីថ្លែងការណ៍ រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្រប តាមកិច្ចព្រមព្រៀងដែលមាន ។

កម្ពុជា បន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

To Top