យោធាថៃ ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិជោគជ័យ
ភ្នំពេញ ៖ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាព បាញ់ប្រហារចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥៖
-ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រ ភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចោលយ៉ាងកំរោល និងអមនុស្សធម៌។
សកម្មភាពខាងលើ ជាការវាយប្រហារដ៏កំរោល សាហាវ ព្រៃផ្សៃ ដោយមិនរើសគោលដៅ របស់យោធាថៃ ជាការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងរបស់កម្ពុជាបាននឹងបន្តតាមដានយ៉ាង យកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទី ការពារបូរណភាពទឹកដី និងប្រជាជនរបស់កម្ពុជា យ៉ាងម៉ឺងម៉ាត់បំផុត៕
