អាជ្ញាធរមីនកម្ពុជា ណែនាំវិធានការសុវត្ថិភាព ពេលថៃឈ្លានពានកម្ពុជា
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីនកម្ពុជា) បានណែនាំពីការពង្រឹង វិធានការសុវត្ថិភាព ចំពោះប្រតិបត្តិការ សកម្មភាពមីន និងការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
យោងតាមសេចក្តីណែនាំរបស់អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើម នៃសកម្មភាពឈ្លានពានខុសច្បាប់របស់យោធាថៃមកលើកម្ពុជា ដោយលើកទី១ ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់ពេលបច្ចុប្បន្ន យោធាថៃ បានប្រើប្រាស់យុទ្ធោបករណ៍ធុនធ្ងន់ គ្រប់ប្រភេទមកលើតំបន់ស៊ីវិល ។ ការឈ្លានពានដោយប្រើប្រាស់យុទ្ធោបករណ៍ទំនើបៗ បណ្តាលឱ្យប៉ះពាល់ដល់ ប្រតិបត្តិការបោសសម្អាតមីន មនុស្សធម៌ ពិសេសបុគ្គលិកបោសសម្អាតមីនជាង៩០០នាក់ ព្រមទាំងក្រុមគ្រួសារ ដែលត្រូវធ្វើការភៀសខ្លួន ទៅកាន់ទីមានសុវត្ថិភាព ។
សេចក្តីណែនាំបន្តថា ក្នុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងខិតខំដោះស្រាយបញ្ហាបង្កដោយយោធាថៃ អាជ្ញាធរមីនស្នើប្រតិបត្តិករសកម្មភាពមីនបន្តយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពបុគ្គលិកបោសសម្អាតមីន និងមិនត្រូវអនុញ្ញាត ឱ្យបុគ្គលិកបន្តការងារក្នុងស្ថានភាព ប្រឈមនឹងការគ្រោះថ្នាក់ , បន្តយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់បុគ្គលិកបោសសម្អាតមីន ដែលមានក្រុមគ្រួសារកំពុងរស់នៅ ក្នុងតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ឬតំបន់ជនភៀសសឹកនានា ។
ជាមួយគ្នានោះ អាជ្ញាធរមីនក៏បានស្នើឱ្យផ្អាករាល់ប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត និងសកម្មភាពអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ដោយសកម្មភាពឈ្លានពានរបស់យោធាថៃ ដើម្បីរក្សាសុវត្ថិភាពជូនដល់បុគ្គលិកបោសសម្អាតមីន ។ ចំពោះការផ្លាស់ប្តូរផែនការបោសសម្អាតចម្ការមីន ក្នុងករណី ចម្ការមីនស្ថិតក្នុងតំបន់ប្រឈមនឹងការគ្រោះថ្នាក់ ដោយសកម្មភាពឈ្លានពានរបស់យោធាថៃ ត្រូវស្នើសុំជាបន្ទាន់មកអាជ្ញាធរមីន ។
អាជ្ញាធរមីនក៏បានស្នើប្រតិបត្តិករសកម្មភាពមីន បន្តរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីនដែលបាញ់និងទម្លាក់ដោយយោធាថៃ , បន្តផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជូនចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការដាក់ស្លាកសញ្ញាគ្រោះថ្នាក់ នៅទីតាំងដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលបាញ់ និងទម្លាក់ដោយយោធាថៃ ៕
