រដ្ឋមន្ត្រីទេសចរណ៍ ឱ្យមន្ត្រីជាប់ពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ បន្តយកចិត្តទុកដាក់ ក្នុងការបំពេញការងារ សម្រេចឱ្យបានលទ្ធផលអតិបរមា
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកតាមផ្នែកនីមួយៗ ត្រូវរៀបចំផែនការនិងគោលនយោបាយ, គ្រប់គ្រងហិរញ្ញវត្ថុ, គ្រប់គ្រង់ឧស្សាហកម្មទេសចរណ៍, បរិវត្តកម្មឌីជីថល, នីតិកម្ម, ទីផ្សារ និងផ្សព្វផ្សាយ ដោយត្រូវបន្តយកចិត្តទុកដាក់ ក្នុងការបំពេញការងារ និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារជាអតិបរមា។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ សរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីតាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មការ និងអនុគណៈកម្មការទាំង៦ សម្រាប់ការរៀបចំសនិ្នបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ ព្រមទាំងស្តាប់នូវរបាយការណ៍សង្ខេបអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋាន ចំណុះក្រសួងទេសចរណ៍។

ក្នុងកិច្ចប្រជុំនេះដែរ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកតាមផ្នែកនីមួយៗរួមមាន៖ រៀបចំផែនការនិងគោលនយោបាយ, គ្រប់គ្រងហិរញ្ញវត្ថុ, គ្រប់គ្រង់ឧស្សាហកម្មទេសចរណ៍, បរិវត្តកម្មឌីជីថល, នីតិកម្ម, ទីផ្សារ និងផ្សព្វផ្សាយ ។ល។ ដោយត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារជាអតិបរមា។

បន្ថែមពីនេះទៀត លោករដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងទេសចរណ៍ ដែលកំពុងបម្រើការទាំងថ្នាក់ដឹកនាំ និងក្រោមជាតិ ត្រូវបន្តគាំទ្ររាជរដ្ឋាភិបាល និងត្រូវខិតខំបន្តនិរន្តភាពការងារ តាមវិស័យ ខណៈពេលដែលស្ថានភាពប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដែលកំពុងធ្វើសមរភូមិយោធា, សមរភូមិការទូត, សមរភូមិផ្លូវច្បាប់, និង សមរភូមិព័ត៌មាន យ៉ាងស្វិតស្វាញ៕
ដោយ៖ ដារាត់| ដើមអម្ពិល




