ព័ត៌មានជាតិ

គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកស្រី និន សាផុន និង លោកបណ្ឌិត លី ឆេង នាំយកអំណោយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និង អំណោយមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ជូន វីរកងទ័ព និងជនភៀសសឹក ក្នុងខេត្តពោធិ៍​សាត់

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការ និង លោកបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប រួមជាមួយ លោក លោកស្រី លេខាធិការ សមាជិក-សមាជិកាគណៈកម្មការ និង លោក ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង អំណោយមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ដើម្បីប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក ចំនួន ៩០០គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួល និងទទួល ស្វាគមន៍ពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ។ កម្មវិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងតំណាងសិស្ស-និស្សិតប៊ែលធី មួយចំនួនផងដែរ ។

ថ្លែងក្នុងពិធីនេះ លោកស្រី​ និន​ សាផុន​ ប្រធានគណៈកម្មការទី៩​ នៃរដ្ឋសភា​ បានពាំនាំនូវប្រសាសន៍របស់ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ និងគិតគូរចំពោះទុក្ខលំបាករបស់ក្រុមគ្រួសារវីរកងទ័ព ការផ្តាំផ្ញើសួរសុខទុក្ខ និងការគោរពដ៏ដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពដែលបានការពារបូរណភាពទឹកដី និងពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

លោកស្រី​ និន​ សាផុន​ ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន ។ នេះគឺជាការលះបង់ដ៏ធំធេង និងជាគុណបំណាច់ដែលពុំអាចកាត់ថ្លៃបានចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នា ត្រូវតែគោរពស្រឡាញ់ ដឹងគុណ និងផ្តល់តម្លៃជាវីរបុរស ។ លោកជំទាវប្រធាន ក៏បានផ្តាំផ្ញើដល់ប្រជាជនទាំងអស់ ត្រូវបន្តជឿជាក់ លើការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ព និងបានចូលរួមរំលែកការលំបាក ជាមួយបងប្អូនជនភៀសសឹងផងដែរ ។ លោក​បណ្ឌិត បានជម្រាបជូនផងដែរថា​ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអ្នកតំណាងរាស្ត្រទាំងអស់ តែងតែគិតគូរអំពីសុខទុក្ខ របស់វីរកងទ័ព ក្នុងកាលៈទេសៈដ៏លំបាកនេះ ហើយស្មារតីរួមសាមគ្គីគ្នា “ខ្មែរតែមួយ” បានធ្វើឱ្យចលនាជាតិ និយមបានកើតឡើង និងបានរួមគ្នាជាកម្លាំង សាមគ្គីជាតិដ៏រឹងមាំ ។ ជាមួយស្មារតីនេះ ប្រជាជនកម្ពុជាទូទាំងប្រទេស និងគ្រប់មជ្ឈដ្ឋាន ព្រមទាំងសប្បុរសជននានា ហើយក្នុងនោះក៏មាន គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៃប៊ែលធី គ្រុប ព្រមទាំងសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិគ្រប់ទីតាំង បានចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត និង តាមលទ្ធភាពនូវ ថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងជនភៀសសឹក ដែលកំពុងរងផលប៉ះពាល់ ពីការឈ្លានពានដ៏ឃោរឃៅ និងអមនុស្សធម៌របស់ទាហានថៃ។

ជាមួយគ្នានេះដែរ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានគោរពថ្លែងអំណរគុណចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងគណៈកម្មការទី៩ នៃរដ្ឋសភា និង មូលនិធិសប្បុរសធម៌ប៊ែលធី (BELTEI Charity) ដែលបានជួយឧបត្ថម្ភគាំទ្រនូវធនធាន និងសម្ភារៈដល់រដ្ឋបាលខេត្ត ហើយ លោកអភិបាល ប្តេជ្ញានឹងបន្តចែកជូនដោយតម្លាភាព និងដោយផ្ទាល់ទៅដល់វីរកងទ័ពជួរមុខ បងប្អូនពលរដ្ឋភៀសសឹក និងពលរដ្ឋរងប៉ះពាល់នៅក្នុងរយៈពេលនៃសង្គ្រាមនេះ ។ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា នេះជាស្មារតីសាមគ្គីភាព ស្នេហាជាតិ ខ្មែរជួយខ្មែរ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រជាជនកម្ពុជា ទូទាំងប្រទេស រួមជាមួយភាពអង់អាចក្លាហាន របស់វីរកងទ័ពជួរមុខយើង ដែលបានបញ្ចូលគ្នា ជាធ្លុងមួយ គឺពិតជាកម្លាំងសាមគ្គីដ៏រឹងមាំមហាសាល ជាអាវុធដ៏ស័ក្ដិសិទ្ធិបំផុត ក្នុងការកម្ចាត់សត្រូវឈ្លានពានឱ្យវិនាសអន្តរាយ។

សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និង អំណោយមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) រួមមាន ៖

ក-សម្រាប់ប្រគល់ជូន វីរកងទ័ព

១-ថវិកា ចំនួន ៦០,០០០,០០០៛ (ហុកសិបលានរៀល)
២-អង្ករ ចំនួន ៥តោន
៣-អំបុក ចំនួន ៥,០០០ដប (៦០០គីឡូ)
៤-ត្រីខ ចំនួន ៥០០ យួរ
៥-មីជាតិ ចំនួន ៥០០ កេស
៦-ទឹកសុទ្ធ ចំនួន ៥០០ កេស
៧-ឆៃប៉ូវ ចំនួន ៥០០ គីឡូ

ខ-សម្រាប់ជនភៀសសឹក ចំនួន ៩០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖

១-ថវិកា ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល)
២-អង្ករ ចំនួន ១បេ (ទម្ងន់ ១០គីឡូ)
៣-ទឹកសុទ្ធ ចំនួន ១កេស
៤-កញ្ចប់សម្ភារប្រើប្រាស់-គ្រឿងឧបភោគ-បរិគោគ ចំនួន ១កញ្ចប់ (1Kit)៕

To Top