ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា​ យោធាអាមេរិក វាយប្រហារលេីក្រុម​ IS នៅភាគពាយ័ព្យ ប្រទេសនីហ្សេរីយ៉ា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា យោធាអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវមួយប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS) នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ។

លោក ត្រាំ បានឧ្យដឹង នៅលើវេទិកាប្រព័ន្ធ ផ្សព្វផ្សាយសង្គម Truth Social​ថា​ “យប់នេះ តាមការណែនាំរបស់ខ្ញុំ ក្នុងនាមជាមេបញ្ជាការ សហរដ្ឋអាមេរិក​ បានបើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវមួយប្រឆាំងនឹងក្រុមភេរវករ ISIS នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដែលបានកំណត់គោលដៅ និងសម្លាប់យ៉ាងសាហាវ ជាពិសេសគ្រិស្តបរិស័ទស្លូតត្រង់ ក្នុងកម្រិតដែលមិនធ្លាប់ឃើញអស់រយៈពេលជាច្រើនឆ្នាំ និងសូម្បីតែរាប់សតវត្ស!”។

លោកបានលេីកឡេីងថា​ “ក្រសួងកិច្ចការងារសង្គ្រាម​ បានអនុវត្តការវាយប្រហារដ៏ល្អឥតខ្ចោះជាច្រើន” ដោយសន្យាថាសហរដ្ឋអាមេរិក​ នឹងមិនអនុញ្ញាតឱ្យភេរវកម្មអ៊ីស្លាមរ៉ាឌីកាល់រីកចម្រើនឡើយ។

ការវាយប្រហារនេះបានកើតឡើ ងប្រហែលមួយសប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅជាង ៧០​ ដែលសង្ស័យថាមានទំនាក់ទំនង ជាមួយក្រុម IS នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹក​ ចំពោះការសម្លាប់សមាជិក សេវាកម្មអាមេរិកពីរនាក់ និងអ្នកបកប្រែម្នាក់។

នៅថ្ងៃទី ៣១ ខែតុលា លោក ត្រាំ​ បានអះអាង នៅលើបណ្ដាញ​ Truth Social ថា គ្រិស្តបរិស័ទរាប់ពាន់នាក់ កំពុងត្រូវបានសម្លាប់ នៅក្នុងប្រទេសនីហ្សេរីយ៉ាដោយ “ពួកឥស្លាមជ្រុលនិយម” ដោយប្រកាសថាប្រទេសនីហ្សេរីយ៉ាគឺជា “ប្រទេសដែលមានការព្រួយបារម្ភជាពិសេស”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top