រុស្ស៊ី កំពុងវិភាគសំណើ សន្តិភាពអ៊ុយក្រែន បន្ទាប់ពីកិច្ចពិភាក្សា ជាមួយទីក្រុងវ៉ាស៊ីនតោន
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ទីក្រុងមូស្គូកំពុងវិភាគសំណើសន្តិភាពអ៊ុយក្រែន ដែលដាក់ដោយបេសកជន ពិសេសរបស់រុស្ស៊ី បន្ទាប់ពីកិច្ចប្រជុំថ្មីៗ របស់គាត់ជាមួយមន្ត្រីអាមេរិក។
លោក Peskov បានឧ្យដឹងថា ទីក្រុងមូស្គូកំពុងពិនិត្យមើលព័ត៌មាន ដែលផ្តល់ដោយលោក Kirill Dmitriev តំណាងប្រធានាធិបតីពិសេសរបស់រុស្ស៊ី សម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកិច្ចពិភាក្សារបស់លោក ជាមួយមន្ត្រីអាមេរិកនៅទីក្រុងម៉ៃអាមី កាលពីចុងសប្តាហ៍មុន។
លោក Peskov បានលេីកឡេីងថា “យើងកំពុងវិភាគសម្ភារៈទាំងនេះ ហើយបន្ទាប់មក ស្របតាមការសម្រេចចិត្ត របស់ប្រមុខរដ្ឋ យើងនឹងបន្តពិគ្រោះយោបល់ជាមួយភាគីអាមេរិក”។
មុននេះ លោក Peskov បានឧ្យដឹងថា លោក Dmitriev បានជម្រាបជូនប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន អំពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងម៉ៃអាមី។
នៅថ្ងៃអាទិត្យ គណៈប្រតិភូមក ពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើកិច្ចពិភាក្សា ដាច់ដោយឡែក ជាមួយភាគីអាមេរិក នៅរដ្ឋផ្លរីដា ។ ដូចដែលបានរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik លោក Dmitriev បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយថា «ក្រុមអ្នកញុះញង់ឲ្យមានសង្គ្រាម» បានបរាជ័យក្នុងការរំខានដល់កិច្ចចរចារុស្ស៊ី-សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
