ព័ត៌មានជាតិ

កម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ១១ចំណុច តវ៉ាចំពោះការរំលោភបំពានរបស់ថៃ

ភ្នំពេញេ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ចំនួន១១ចំណុច ប្រឆាំងតវ៉ា ចំពោះការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសេចក្ដីថ្លែងការបានឱ្យដឹងថា៖
១/ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា សូម ជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនទូទៅអំពីការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំង ប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដោយនៅតំបន់ខ្លះ ស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែន តាមជំហរថៃទៀតផង ក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

២/ ក្នុងអំឡុងពេលប្រតិបត្តិការយោធា ទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើន តាមបណ្ដោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយ សំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន រួមមាន ដូចជា៖
ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន
ខេត្តពោធិ៍សាត់៖ តំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ) ខេត្តព្រះវិហារ៖ តំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ
ខេត្តឧត្តរមានជ័យ៖ តំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្លេស។

៣/រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹង ការរំលោភបំពាន របស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំងបួនខាងលើរបស់កម្ពុជា។ ដោយមិនអើពើ ចំពោះស្មារតីនៃសេចក្តីប្រកាសរួម របស់កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការហាមមិន ឱ្យមានសកម្មភាពញុះញង់ ការប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងប្រជាជនស៊ីវិល និងគោលដៅស៊ីវិលក្នុង គ្រប់កាលៈទេសៈ កងទ័ពថៃកំពុងតែបង្កើនការវាយកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងវប្បធម៌របស់កម្ពុជា ជាពិសេសនៅក្នុងភូមិព្រៃចា ជោគជ័យ និងបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងនៅតំបន់ច្រកទ្វារ អន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ របស់កម្ពុជា។កម្ទេចផ្ទះសម្បែងរបស់ប្រជាជន

៤/ ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជា ដោយបន្តបិទសិទ្ធិ របស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើន មិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋាន របស់គេវិញបាន គឺជាការរំលោភ យ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំង៖

មាត្រា ២(៣) និង ២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យដោះ ស្រាយជម្លោះតាមសន្តិវិធី និងហាមឃាត់ការប្រើប្រាស់កម្លាំងប្រឆាំងបូរណភាពទឹកដី នៃរដ្ឋមួយផ្សេងទៀត។
មាត្រា៥៣ នៃអនុសញ្ញាទី៤ ក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ដែលហាមឃាត់ការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជន ឬរបស់រដ្ឋ ដែលនេះជាទង្វើដែលពុំមានហេតុផល យោធាណាមកតម្រូវបានឡើយ ក្នុងពេលបទឈប់បាញ់កំពុងនៅជាធរមាន។ មាត្រា៥២ នៃពិធីសារបន្ថែមទី១ ឆ្នាំ១៩៧៧ នៃអនុសញ្ញាក្រុងហ្សឺណែវឆ្នាំ១៩៤៩។

៥/ វាជាការសំខាន់ដែលត្រូវគូសបញ្ជាក់ថា កម្ពុជា និងថៃ មានព្រំដែនគោកអន្តរជាតិដែល ត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើង ដោយអនុលោមតាមអនុសញ្ញាឆ្នាំ១៩០៤ និង សន្ធិសញ្ញាឆ្នាំ១៩០៧ ។ គណៈកម្មការចម្រុះខ័ណ្ឌសីមា ព្រំដែនកម្ពុជានិងថៃ ត្រូវបានបង្កើតឡើងដើម្បី កំណត់ខ្សែបន្ទាត់ព្រំដែន រវាងបង្គោលព្រំដែនដែលបានបោះរួចហើយ។ គណៈកម្មការចម្រុះខ័ណ្ឌសីមា ព្រំដែនគោកខាងកម្ពុជា ក៏បានធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរ ជាផ្លូវការ ទៅកាន់សមភាគីថៃ ប្រឆាំង នឹងការរំលោភបំពាន់របស់កងទ័ពថៃលើទឹកដីកម្ពុជា និងលើអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ខណៈដែលភាគីទាំងពីរសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់លើការងារខ័ណ្ឌសីមា ព្រំដែន ជាពិសេសក្នុងពេលថ្មីៗនេះ លើការអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

៦/រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្ដែងដោយ កងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជា មូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយបើ ប្រាស់កម្លាំង។ ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅ នឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្ដើមយកទឹកដី ដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើត ចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។

៧/សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះទៅនឹងការប្ដេជ្ញាចិត្តរបស់ថ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមការព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី៧ ខែសីហា ថ្ងៃទី១០ ខែកញ្ញា និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាព និងដំណោះស្រាយវិវាទដោយសន្តិវិធី ដែល ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាង ខ្ជាប់ខ្ជួនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

៨/ ការវាយកម្ទេចសំណង់ស៊ីវិលដោយកងកម្លាំងប្រដាប់អាវុធថៃ គឺផ្ទុយស្រឡះពីវឌ្ឍនភាព ដែលសម្រេចបានដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែនត្រង់ បង្គោលព្រំដែនលេខ ៥២-៥៩ និងលេខ ៤២-៤៧ ដែលការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែនដែលកំពុងដំណើរការ តាមរយៈការបង្កើតនូវស្ថានភាព មានការឈរជើងជាក់ស្ដែងរួចជាស្រេចហើយ។ 

៩/ អាស្រ័យហេតុនេះ កម្ពុជាសូមទាមទារឱ្យប្រទេសថៃ៖
ក. បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាព នៅតាមបណ្ដោយ ព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។
ខ. ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។
គ. គោរពដោយស្មោះត្រង់ចំពោះ លក្ខខណ្ឌ និងស្មារតីនៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមស្តីពីសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុង គូឡាឡាំពួ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

១០/ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន ដោយឥតងាករ ចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយប្រទេស ក៏ដូចជាមួយ ប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយប្ដេជ្ញាចិត្តជា ដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ។

១១/ កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិ នឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះ ព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែល មានស្រាប់៕

To Top