ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ នៅតំបន់ថ្មដា

ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅតំបន់ថ្មដានេះ ទាំងមុននិងក្រោយមានបទឈប់បាញ់ ទាហានថៃបានឈ្លានពានយកបន្លាលួសមករាយមិនឲ្យប្រជាពលរដ្ឋបានចេញ-ចូលលំនៅឋានរបស់ពួកគេនោះទេ ។ គួរឲ្យកត់សម្គាល់ផងដែរថា ដោយសារទ្រាំមិនបានចំពោះទង្វើរបស់ទាហានថៃរាយបន្លាលួសនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ជនជាតិចិនដែលជាអ្នករកស៊ីនៅតំបន់ថ្មដានេះ បានដកបន្លាលួសនេះចេញពីមុខហាងរបស់ពួកគេ ដើម្បីបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួលកម្ពុជា (CLG) បានសម្របសម្រួល ដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ។

ទីតាំងទាំង៣ដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះទៅដល់នៅតំបន់អូរភ្លុកដំរី ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្តមកពិនិត្យនៅមណ្ឌលសុខភាពហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ បន្ទាប់មកទៀត ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពតំបន់ព្រំដែននៅច្រកជ័យជំនះ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕

To Top