ព័ត៌មានជាតិ

សម្តេចតេជោ-សម្តេចធិបតី មិនដែលខ្ជះខ្ជាយ ពេលវេលាមួយវិនាទី ក្នុងការការពារទឹកដី

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដែលខ្ជះខ្ជាយ ពេលវេលាសូម្បីមួយវិនាទីឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកប៉ែន បូណា លើកឡើងថា ក្រសួងស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរាជរដ្ឋាភិបាល ដូចជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស សកម្មមមាញឹកយ៉ាងខ្លាំង ក្នុងការធ្វើកំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងធ្វើបទបង្ហាញ ដើម្បីឱ្យសហគមន៍ អន្តរជាតិ យល់ពីបុព្វហេតុការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងការរំលោភបំពាន និងការចង់បានដំណោះស្រាយ ដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ ។ ចំណែកក្រសួងមហាផ្ទៃ អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក៏សកម្មមមាញឹកគ្រប់ពេលវេលា ពុះពារមិនដែលខ្លាចនឿយហត់ឡើយក្នុងគ្រាដ៏លំបាកនេះ ។

លោកបញ្ជាក់ថា “និយាយជារួម រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រួមទាំងក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់មិនដែលខ្ជះខ្ជាយពេលវេលាសូម្បីមួយវិនាទី និងមិនដែលសំចៃកម្លាំងកាយចិត្ត បញ្ញា ស្មារតី សូម្បីបន្តិចបន្តួចឡើយ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់” ។

អ្នកនាំពាក្យបន្ថែមថា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល ។ ទន្ទឹមនោះ កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ ខណៈសម្តេចមហាបវរធិបតី ក៏បានបញ្ជាក់រួចហើយដែរថា រាជរដ្ឋាភិបាលនឹងប្រើប្រាស់ថវិកាជាតិ និងថវិកាដែលជាជំនួយឧបត្ថម្ភរបស់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដើម្បីស្តារជីវភាពប្រជាពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធនានាដែលរងការបំផ្លិចបំផ្លាញឱ្យបានឆាប់បំផុត ៕

To Top