កម្ពុជា បញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ឥតងាករេ ក្នុងការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀង ដែលមានជាមួយថៃ
ភ្នំពេញ ៖ កម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញា ចិត្តយ៉ាងពេញលេញ ឥតងាករេ ក្នុងការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀង ដែលមានកន្លងមកជា មួយប្រទេសថៃ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅថ្ងៃទី១៦ មករា នេះ ថា «ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមកាតព្វកិច្ចរបស់ខ្លួន និងបានសហការគាំទ្រយ៉ាងសកម្មជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានានូវតម្លាភាព ការផ្ទៀងផ្ទាត់ និងការវាយតម្លៃលើផលប៉ះពាល់ដែលមាន»។
ប្រភព ដដែល បន្ដថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុម AOT ក្នុងការចុះពិនិត្យទីតាំង ស៊ីវិលជាច្រើន នៅតាមខេត្តជាប់ព្រំដែន ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយ ប្រហារដោយ ប្រដាប់អាវុធរបស់យោធាថៃ។

កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាតក្នុងការផ្តល់អាទិភាពដល់សន្តិភាព ស្ថិរភាព និងការស្តារស្ថានការណ៍ឡើងវិញ ឱ្យបានឆាប់រហ័ស ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ នៅក្នុងសហគមន៍ ដែលទទួលងផលប៉ះពាល់ នៅតាមបណ្តោយព្រំដែន៕

