សេតវិមាន ៖ លោក ដូណាល់ ត្រាំ នៅតែរក្សាជម្រើសទាំងអស់ នៅលើតុពិភាក្សាទាក់ទងនឹងអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឧ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងរក្សាជម្រើសទាំងអស់ នៅលើតុពិភាក្សា សម្រាប់ការឆ្លើយតបទៅនឹង ភាពចលាចលរបស់អ៊ីរ៉ង់។

លោកស្រីបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រធានាធិបតី និងក្រុមរបស់លោកកំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ ហើយជម្រើសទាំងអស់ នៅតែនៅលើតុពិភាក្សា សម្រាប់ប្រធានាធិបតី” ដោយព្រមានអំពី “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើការសម្លាប់ នៅតែបន្តនៅក្នុងប្រទេសអ៊ីរ៉ង់ ។
ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយ ទៅកាន់លោក ត្រាំ កាលពីថ្ងៃពុធ ដោយស្នើសុំឱ្យសេតវិមានពន្យារពេលការ វាយប្រហារយោធាណាមួយ របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ដែលត្រូវបានរាយការណ៍ថា លោក ត្រាំ បានថ្លឹងថ្លែងអស់រយៈពេលជាច្រើនថ្ងៃមកហើយ។
យោងតាមរបាយការណ៍មួយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios យោធាអាមេរិកកំពុងជម្លៀសកងទ័ពចេញពីមូលដ្ឋាននៅមជ្ឈិមបូព៌ា និងបញ្ជូនកម្លាំងជំនួយទៅកាន់តំបន់នេះ។
នៅថ្ងៃព្រហស្បតិ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ២០ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា
