ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ អាជីវករលក់ដូរ ក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើឡើយ

ភ្នំពេញ៖ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរពីផ្សារដើមគចាស់ ទៅផ្សារដើមគថ្មីទេ អ្វីដែលជាគោលការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករ លក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ ។

ការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសចុះពិនិត្យសកម្មភាព អនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារដើមគ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

ក្នុងខណៈនោះលោកអភិបាលរាជធានីភ្នំពេញ ថែមទាំងបានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកលក់ដូរនៅក្នុងផ្សាដើមគ កុំព្រួយបារម្ភ នៅបន្តការលក់ដូររបស់ខ្លួនដដែរចុះ អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ ចំពោះតែអ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅជុំវិញផ្សារដើមគ តែប៉ុណ្ណោះ ។

គួេឱ្យដឹងថា ព្រឹកថ្ងៃទី១៨នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ ការសំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរ យ៉ាងអណាធិបតេយ្យ ដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។ នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ។

អ្វីដែលអាជ្ញាធរ កំពុងតែអនុវត្ត ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញ នូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគនាពេលនេះ បាននិងកំពុងទទួលបាន ការសាទរយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដោយទទូច ឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគរ ដែលនៅមិនទាន់ទទួលយក នូវការសម្របសម្រួលរបស់អាជ្ញាធរ រាជធានីភ្នំពេញ សម្រេចមកទទួលយក តាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួម ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អសោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ៕

To Top