ព័ត៌មានអន្តរជាតិ

ប្រធានអង្គការណាតូ សន្យាជាមួយលោក ត្រាំថា នឹងជួយដោះស្រាយ ជម្លោះនៅតំបន់ ហ្គ្រីនឡែន

បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចែករំលែកអ្វី ដែលលោកអះអាងថា ជាសារឯកជនមួយពីប្រធានអង្គការ ណាតូ លោក ម៉ាក រូតតេ (Mark Rutte) ដោយសរសើរការងាររបស់លោក នៅក្នុងចំណុចក្តៅៗទូទាំងពិភពលោក និងសន្យាថា នឹងជួយដោះស្រាយជម្លោះនៅតំបន់ ហ្គ្រីនឡែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សារនេះ ដែលត្រូវបានបង្ហោះ ទៅក្នុងគណនី Truth Social របស់លោក ត្រាំ កាលពីថ្ងៃអង្គារ បានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានា ធិបតីអាមេរិកបានប្រកាសថា លោក នឹងជួបជាមួយមេដឹកនាំ ពិភពលោកដើម្បីពិភាក្សាអំពីហ្គ្រីនឡែន នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក Davos សប្តាហ៍នេះ។

លោក ត្រាំ បានស្វែងរកការ គ្រប់គ្រងលើតំបន់ ហ្គ្រីនឡែន ជាយូរមកហើយ ដោយអះអាងថា ទឹកដីស្វយ័តរបស់ដាណឺម៉ាក មួយនេះ គឺមានសារៈសំខាន់ចំពោះការការពាររបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ី និងចិន។ ការជំរុញរបស់លោកបានបង្ក ឱ្យមានប៉ះទង្គិចជាមួយដៃគូរបស់ណាតូនៅអឺរ៉ុប ដែលបានបដិសេធការផ្លាស់ប្តូរ ណាមួយនៅក្នុងឋានៈរបស់ហ្គ្រីនឡែន ហើយបានព្រមានថា ចលនារបស់សហរដ្ឋអាមេរិកលើកោះនៅអាកទិកនេះ អាចជាសញ្ញានៃការបញ្ចប់នៃប្លុកនេះ។

នៅក្នុងសារដ៏គួរឱ្យសរសើរ លោក ម៉ាក រូតតេ បានសរសើរសមិទ្ធផលរបស់លោក ត្រាំ នៅក្នុងប្រទេសស៊ីរី ដែលហាក់ដូចជាសំដៅទៅលើការការពារសិទ្ធិរបស់ជនជាតិឃឺដ បន្ទាប់ពីបទឈប់បាញ់រវាងកងកម្លាំងរបស់ពួកគេ និងទីក្រុងដាម៉ាស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង សម្របសម្រួល របស់លោកលើតំបន់ហ្គាហ្សា និងអ៊ុយក្រែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top