ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ថៃតម្កល់រូបសំណាកព្រះពុទ្ធបដិមារ លើទីតាំងរូបសំណាកបដិមាព្រះវិស្ណុរបស់កម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានថ្លែងអះអាងថា យោធាថៃនៅតែបន្តសកម្មភាពបំពានលើអធិបតេយ្យភាពកម្ពុជា តាមរយៈការដាក់តម្កល់រូបសំណាកព្រះពុទ្ធបដិមារ នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុរបស់កម្ពុជានៅតំបន់អានសេះ ដែលត្រូវបានបំផ្លាញដោយយោធាថៃកន្លងមក ក្នុងពេលបង្កសង្គ្រាមឈ្លានពានកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ” សកម្មភាពបង្កហេតុរបស់កងកម្លាំងប្រដាប់អាវុធថៃបានបន្តកើតមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ រួមមាន ៖ ការតម្កល់រូបសំណាកព្រះពុទ្ធបដិមារ នៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុដែលត្រូវបានបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ។ ការដាក់រាយទូរកុងតឺន័រដើម្បីរាំងផ្លូវនៅតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងការសាងសង់លេណដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួន” ។

ជាមួយនឹងការបំពានកម្ពុជាឥតឈប់ឈរពីសំណាក់ភាគីថៃនេះត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា ភាគីកម្ពុជាបានតវ៉ាយ៉ាងខ្លាំងក្លាជាទីបំផុត ។

លោកសង្កត់ធ្ងន់ថា កម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងចំពោះសកម្មភាពជាបន្តបន្ទាប់ដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាសកម្មភាពដែលមិនស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងចំណុចទី១នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរកម្ពុជា-ថៃ បានឯកភាពគ្នានោះឡើយ៕

To Top