ព័ត៌មានជាតិ

ព្រះមហាក្សត្រី-ព្រះមហាក្សត្រ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាកុលធីតាជាតិ ដ៏ឆ្នើម

ភ្នំពេញ ៖ ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គទាំងទ្វេបានកោតសរសើរ ដ៏កក់ក្តៅជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាអគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលជាកុលធីតាជាតិដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ជួយជាតិមាតុភូមិ ។

ក្នុងឱកាសនៃខួបចម្រើនជន្មាយុ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខ សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រ បានប្រសិទ្ធពរជ័យ ជូនលោកជំទាវបណ្ឌិត ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជាជនកម្ពុជា ។
ព្រះរាជសាររបស់ព្រះមហាក្សត្រី កោតសរសើរលោកជំទាវបណ្ឌិតថា គឺជាកុលធីតាជាតិដ៏ឆ្នើមមួយរូប បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ប្រកបដោយវីរភាពដ៏ល្អប្រពៃ គុណធម៌ សប្បុរសធម៌ និង ឆន្ទៈដ៏មោះមុត ក្នុងការចូលរួមចំណែក យ៉ាងសកម្មបម្រើជាតិ មាតុភូមិ ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ ផ្តល់ភាពអង់អាចជូន ស្ត្រី និងកុមារ ជាពិសេសបានចុះសួរសុខទុក្ខ និងនាំយកអំណោយជាបន្តបន្ទាប់ជួយដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។ លើសពីនេះ លោកជំទាវបណ្ឌិត បានចូលរួមដឹកនាំសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា និងសមាគមកាយឫទ្ធិនារីកម្ពុជា សម្រេចបានសមិទ្ធផល ជាច្រើននិងជោគជ័យយ៉ាងត្រចះត្រចង់ រហូតមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ ។

ចំពោះព្រះរាជសារ របស់ព្រះមហាក្សត្រវិញ បានកោតសរសើរលោកជំទាវបណ្ឌិត ដែលបានលះបង់កម្លាំងកាយ-ចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយគំរូវីរភាព ដ៏ល្អប្រពៃ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិ មាតុភូមិ ដើម្បីលើកកម្ពស់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតួនាទីរបស់ស្ត្រីនៅក្នុងសង្គមកាន់តែទូលំទូលាយ ៕

To Top