ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ ការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីសន្តិភាព ត្រូវបានពិភពលោកទទួលស្គាល់

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីសន្តិភាព ត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយ ។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ ស្របពេល លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានផ្ញើសារលិខិតជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ លោក ប៉ែន បូណា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា តែងតែចែករម្លែកអំពីទស្សនទានសន្តិភាព និងនយោបាយឈ្នះ-ឈ្នះ ដល់ពិភពលោកតាមរយៈវេទិកាអន្តរជាតិជាច្រើន ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ។

លោកថា “នេះគឺជាហេតុផលដែលធ្វើឱ្យសន្តិភាពក្លាយជាអត្តសញ្ញាណរបស់កម្ពុជា ក្នុងសម័យទំនើបនេះដោយមិនអាចប្រកែកបាន។ កិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីសន្តិភាព និងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា ត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយ” ។

អ្នកនាំពាក្យបន្តថា ក្នុងរយៈពេលចុងក្រោយនេះ នៅពេលដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់អាវុធដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួនពីសំណាក់កងទាហានថៃ ស្មារតីសន្តិភាពបានផុសត្រឡែតឡើងពីសំណាក់ថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ពាក្យថា «កម្ពុជាត្រូវការសន្តិភាព» បានលាន់លឺនៅគ្រប់ទិសទី និងបានទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំពិភពលោក ឱ្យចោលក្រសែភ្នែកមកមើលប្រទេសដ៏តូចមួយនេះដែលកំពុងឈរការពារបុព្វហេតុសន្តិភាពយ៉ាងសកម្ម ៕

To Top