ទីតាំងដាក់បង្ហាញវប្បធម៌ និងផលិតផលទេសចរណ៍របស់កម្ពុជា នឹងលេចរូបរាងក្នុងសារមន្ទីរពហុវប្បធម៌កូរ៉េ
ភ្នំពេញ ៖ ទីតាំងសម្រាប់ដាក់តាំងបង្ហាញសម្ភារៈវប្បធម៌ និងផលិតផលទេសចរណ៍របស់កម្ពុជា នឹងលេចរូបនៅក្នុងសារមន្ទីរពហុវប្បធម៌កូរ៉េ ស្ថិតនៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

ក្នុងជំនួបពិភាក្សាជាមួយ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េកាលពីពេលថ្មីៗនេះ លោក Kim Yun Tae នាយកសារមន្ទីរពហុវប្បធម៌កូរ៉េ បានលើកឡើងថា សារមន្ទីរកំពុងសាងសង់អគារថ្មីដែលការសាងសង់នេះ អាចនឹងបញ្ចប់នៅឆ្នាំ២០២៧ ។ ដោយលោកអះអាងថា នឹងមានគម្រោងបង្កើតទីតាំងមួយផ្នែកក្នុងសារមន្ទីរ សម្រាប់ដាក់តាំងបង្ហាញសម្ភារៈវប្បធម៌ និងផលិតផលទេសចរណ៍របស់កម្ពុជា ជាមួយនឹងបណ្តាប្រទេសផ្សេងទៀត នៅតំបន់អាស៊ី និងអឺរ៉ុប ។

លោកសង្ឃឹមថា ស្ថានទូតខ្មែរ នឹងអាចផ្តល់សម្ភារៈពិព័រណ៍ខ្លះៗ ដូចជា ៖ រូបព្រះសង្ហារ និងចម្លាក់ក្បាច់របាំអប្សរា ដើម្បីធ្វើការដាក់តាំងក្នុងសារមន្ទីរ ។
ជាការឆ្លើយតប ឯកអគ្គរាជទូត បានស្វាគមន៍ និងគាំទ្រចំពោះគំនិតក្នុងការរៀបចំដាក់តាំងបង្ហាញផលិតផលសិល្បៈ និងវប្បធម៌របស់កម្ពុជាដែលគំនិតនេះ ស្របទៅនឹងផែនការ និងការចង់បានរបស់ស្ថានទូត ក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីកម្ពុជា ឱ្យសាធារណជនក្នុងប្រទេសកូរ៉េបានស្គាល់កាន់តែទូលំទូលាយ អំពីអរិយធម៌ដ៏សំបូរបែបរបស់ប្រទេសកម្ពុជា ។
លោក ឃួន ផុនរតនៈ បានបញ្ជាក់ថា ស្ថានទូតនឹងសហការយ៉ាងពេញទំហឹង ជាមួយសារមន្ទីរ ក្នុងការរៀបចំដាក់តាំងបង្ហាញនេះ ហើយបានលើកទឹកចិត្តឱ្យសារមន្ទីរពហុវប្បធម៌កូរ៉េភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិជាមួយសារមន្ទីរជាតិកម្ពុជា ដើម្បីទទួលបានគំនិតច្នៃប្រឌិតបន្ថែមក្នុងការរៀបចំដាក់តាំងបង្ហាញផលិតផលវប្បធម៌ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ៕
