នាវាអន្តរជាតិ នាំភ្ញៀវចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ ចូលទស្សនាកម្ពុជា
ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលបានដឹកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ជិត២ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដើម្បីចូលទស្សនានៅតំបន់ទេសចររបស់កម្ពុជា ។

យោងតាមការផ្សព្វផ្សាយ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវានេះមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ និងជម្រៅ ៨,២០ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជារយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរ មកពីប្រទេសវៀតណាម ។

នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៩០២ នាក់ (ស្រី ២០៦ នាក់) មាន៤៨សញ្ជាតិ។ ដោយផ្ទុកភ្ញៀវទេសចរណ៍សរុបចំនួន ១,៨៦៨ នាក់ (ស្រី ១,០០៥ នាក់) មាន ៤២ សញ្ជាតិ។

ចំនួនសញ្ជាតិ ដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិកចំនួន ៦២៩នាក់ និងអង់គ្លេស ចំនួន៤០៤នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញទៅ ប្រទេសថៃ នៅវេលាម៉ោង១៧ ថ្ងៃដដែល ៕


