លោក ប៉ែន បូណា ៖ ការផ្តល់កំណើតបទឈប់បាញ់ ជាលើកទី២ សុទ្ធសឹងកើតចេញពីសន្តិភាព
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២រវាងកម្ពុជា-ថៃ សុទ្ធសឹងជាផ្លែផ្កា នៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់ និងការពារសន្តិភាព របស់ថ្នាក់ដឹកនាំកម្ពុជា ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែមករា លោក ប៉ែន បូណា បានថ្លែងថា លទ្ធផលកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ , សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២ និងដែលស្ថិតនៅជាធរមានដល់សព្វថ្ងៃ សុទ្ធសឹងជាផ្លែផ្កា នៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់ និងការពារសន្តិភាពរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា “ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតនេះ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ” ។
លោកបន្ថែមថា សក្ខីភាពនៃសុច្ឆន្ទៈស្រឡាញ់សន្តិភាព របស់កម្ពុជា បានស្តែងឡើងជាស្រេចនៅពេលដែលកម្ពុជា ទទួលរងការវាយប្រហារប្រដាប់អាវុធ ដោយបំពានមកលើដែនអធិបតេយ្យភាពរបស់ខ្លួន ពីសំណាក់កងទាហានថៃ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើឱ្យស្មារតីសន្តិភាព បានផុសត្រឡែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទី តាមរយៈសម្រែកទាមទារសន្តិភាព ភាពអត់ធ្មត់ ដើម្បីបញ្ចៀសសង្គ្រាម និងការងារការទូតយ៉ាងសកម្ម ដើម្បីស្វះស្វែងរកបទឈប់បាញ់។
លោកបន្តថា ពាក្យសម្តីផ្សារភ្ជាប់ជាមួយសកម្មភាពជាក់ស្តែងទាំងអស់នេះ បានបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់ ពីស្មារតីស្រឡាញ់សន្តិភាពពិតប្រាកដរបស់កម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចបានសន្តិភាព៕
