សភាអឺរ៉ុប ពន្យារពេលការសម្រេចចិត្ត លើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងអាមេរិក
ប្រ៊ុចសែល ៖ សភាអឺរ៉ុប បានពន្យារពេល រហូតដល់សប្តាហ៍ក្រោយ នូវការសម្រេចចិត្តថា តើត្រូវចាប់ផ្តើមការងារឡើងវិញ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកឬអត់ បន្ទាប់ពីផ្អាកដំណើរការអនុម័តរបស់ខ្លួនកាលពីសប្តាហ៍មុន ដើម្បីតវ៉ាប្រឆាំងនឹងការជំរុញ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការទទួលបានកោះហ្គ្រីនឡែន និងការគំរាមកំហែងពន្ធ របស់លោកប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុប។
ដោយបញ្ជាក់ថាមិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅថ្ងៃចន្ទ ដើម្បីបន្តនីតិវិធីនីតិបញ្ញត្តិធម្មតារវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X ថា ក្រុមចរចារបស់សភានឹងជួបគ្នានៅថ្ងៃទី៤ ខែកុម្ភៈ ដើម្បីវាយតម្លៃឡើងវិញនូវស្ថានភាព។
នៅថ្ងៃទី២១ ខែមករា សភាអឺរ៉ុប បានសម្រេចចិត្តផ្អាកការអនុម័តកិច្ចព្រមព្រៀង ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីការគំរាមកំហែងពន្ធ របស់សហរដ្ឋអាមេរិក ដែលទាក់ទងនឹងកោះហ្គ្រីនឡែន។
ភាពតានតឹងបានធូរស្រាលបន្ទាប់ពីនោះ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា «កិច្ចព្រមព្រៀងក្របខ័ណ្ឌ» មួយត្រូវបានសម្រេចលើបញ្ហា ទាក់ទងនឹងកោះហ្គ្រីនឡែន ហើយថាពន្ធគយដែលបានគំរាមកំហែង លើប្រទេសអឺរ៉ុបចំនួន៨ នឹងត្រូវផ្អាក។
ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអឺរ៉ុប និង អាមេរិក ដែលសម្រេចបានក្នុងខែកក្កដា ឆ្នាំមុន សហភាពអឺរ៉ុប នឹងលុបបំបាត់ពន្ធគយលើ ផលិតផលឧស្សាហកម្មទាំងអស់ របស់សហរដ្ឋអាមេរិក និងណែនាំកូតាអត្រាពន្ធគយ សម្រាប់ផលិតផលកសិ-ចំណីអាហារជាច្រើន ប្រភេទរបស់សហរដ្ឋអាមេរិក ដែលចូលទៅក្នុងទីផ្សារអឺរ៉ុប។
ជាការឆ្លេីយតបទីក្រុងវ៉ាស៊ីនតោន នឹងកំណត់កម្រិតពន្ធគយ ១៥ភាគរយលើទំនិញអឺរ៉ិប ភាគច្រើនដែលនាំចេញទៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
