ក្រសួងបរិស្ថាន ឱ្យទីតាំងអាជីវកម្មខ្សាច់ ១កន្លែង ក្នុងស្រុកស្រែអំបិល ផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ន
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានសម្រេចឱ្យទីតាំងអាជីវកម្មខ្សាច់ ១កន្លែង ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលអាចបង្កផលប៉ះពាល់ ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម ធ្វើការផ្អាកសកម្មភាពអាជីវកម្ម ជាបណ្តោះអាសន្ន និងត្រូវរៀបចំការវាយតម្លៃ ហេតុប៉ះពាល់បរិស្ថានដំបូង ឱ្យហើយជាមុនសិន ទើបអាចដំណើរការវិញបាន។

ទីតាំងអាជីវកម្មខ្សាច់មួយកន្លែង ដែលបានដំណើរការ ដោយមានក្រុមហ៊ុនចំនួន២ លើដីទំហំ ចំនួនជិត ២ហិកតា នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានពិនិត្យឃើញថា អាចបង្កហានិភ័យ ដល់ធនធានធម្មជាតិ នៃស្ទឹងព្រែកកំពង់សោម។

ក្រសួងបរិស្ថាន បានសម្រេចការអនុវត្តអនុវត្ត នូវវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ធានាភាពស្អាតនៅក្នុងទឹក ដោយតម្រូវឲ្យផ្អាក អាជីវកម្មខ្សាច់ ជាបណ្តោះអាសន្ន ចាប់ពីពេលនេះទៅ រហូតដល់មានការសម្រេចជាថ្មី របស់អង្គភាពជំនាញពាក់ព័ន្ធ និងតម្រូវឲ្យម្ចាស់អាជីវកម្ម រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដោយអនុលោម តាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឱ្យបានរួចរាល់ជាមុន ទើបអាចធ្វើអាជីវកម្មបន្តបាន ។

នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដឹកនាំដោយ លោក ចាប យុធី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងមានការចូលរួមពី អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន បានចុះពិនិត្យទីតាំងភ្ទាល់ និងបានរកឃើញថា ក្រុមហ៊ុនត្រូវធ្វើការសិក្សាវាយតម្លៃពីការបង្កហានិភ័យ ដល់បរិស្ថាន ឲ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្មរ៉ែខ្សាច់។ យោងតាមស្ថានភាពភូមិសាស្រ្តជាក់ស្តែង ក្រុមការងារបានចុះទៅពិនិត្យផ្ទាល់ទីតាំង ការដ្ឋានអាជីវកម្មខ្សាច់បក គឺស្ថិតនៅក្បែរមាត់ស្ទឹងព្រែកកំពង់សោម និងតំបន់ដែនជម្រកសត្វអណ្តើកហ្លួងផងដែរ ។

សូមបញ្ជាក់ដែរថា កន្លងមកមានការចុះផ្សាយ និងសេចក្តីរាយការណ៍របស់សារព័ត៌មានមួយចំនួន អំពីករណីនេះ ប៉ុន្តែក្រុមការងារបានពិនិត្យឃើញថា សកម្មភាពរបស់ទីតាំងអាជីវកម្មខ្សាច់នៅទីនេះ មិនទាន់មានការបង្កបញ្ហា ឬផលប៉ះពាល់ដល់បរិស្ថាន ដូចការចុះផ្សាយរបស់អ្នកសារព័ត៌មាននោះឡើយ។ អាជីវកម្មខ្សាច់នៅទីនេះ បានបើកដំណើរការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបានជីកាយ និងបូមខ្សាច់ ទៅចាក់គរទុក មានរណ្តៅដីទំហំប្រហែល ១ហិកតា និងជំរៅ ៣,៥ម។ ទឹកហូរចេញពីគំនរខ្សាច់ ត្រូវបានបង្ហូរចូលក្នុងរណ្តៅដីវិញ ពុំមានទឹកហូរចូលក្នុងស្ទឹងទេ។ ជាមួយគ្នានេះ អាជ្ញាធរឃុំដងពែង និងប្រជាសហគមន៍មូលដ្ឋាន ក៏បានឱ្យដឹងថា អាជីវកម្មខ្សាច់នេះ ពុំមានបង្កបញ្ហាប៉ះពាល់ដល់ការរស់នៅនិងបរិស្ថាននៅឡើយទេ៕





