លោក ដូណាល់ ត្រាំ ប្រកាសបង្កើនពន្ធ លើផលិតផលកូរ៉េខាងត្បូង មួយចំនួនពី ១៥ដល់ ២៥ភាគរយ
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកនឹងដំឡើងពន្ធលើទំនិញកូរ៉េខាងត្បូងមួយចំនួនពី ១៥ភាគរយដល់ ២៥ភាគរយ ដោយចោទប្រកាន់ សភាកូរ៉េខាងត្បូងថា មិនបានអនុម័តកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។
លោកបានឧ្យដឹងនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមថា “ដោយសារតែសភាកូរ៉េ មិនទាន់បានអនុម័តកិច្ចព្រមព្រៀង ពាណិជ្ជកម្មប្រវត្តិសាស្ត្ររបស់យើង ដែលជាសិទ្ធិរបស់ពួកគេ ខ្ញុំសូមបង្កើនពន្ធលើរថយន្ត ឈើ ឱសថ និងពន្ធទៅវិញទៅមកផ្សេងទៀតទាំងអស់របស់កូរ៉េខាងត្បូង ពី ១៥ ដល់ ២៥ភាគរយ”។
លោក ត្រាំ បានលេីកឡេីងថា “សភាកូរ៉េខាងត្បូងមិនបានអនុវត្ត តាមកិច្ចព្រមព្រៀងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកនោះទេ «ខ្ញុំ និងលោកប្រធានាធិបតី លី បានឈានដល់កិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ សម្រាប់ប្រទេសទាំងពីរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ហើយយើងបានបញ្ជាក់ជាថ្មីនូវលក្ខខណ្ឌទាំងនេះ ខណៈពេលដែលខ្ញុំនៅប្រទេសកូរ៉េ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥»។
យោងតាមកិច្ចព្រមព្រៀងដែលបានបញ្ចប់ដោយលោក ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកនឹងដាក់ពន្ធគយសរុបចំនួន ១៥ភាគរយលើការនាំចូលពីកូរ៉េខាងត្បូង ដែលទាបជាងកម្រិតដែលលោក ត្រាំ បានគំរាមកំហែងចំនួន ១០ភាគរយ ។ ជាថ្នូរនឹងការដាក់ពន្ធនេះ កូរ៉េខាងត្បូងបានយល់ព្រមវិនិយោគចំនួន ៣៥០ ពាន់លានដុល្លារអាមេរិក នៅសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា
