ព័ត៌មានអន្តរជាតិ

កាណាដា​ នឹងបញ្ជូននាវាល្បាត ទៅកាន់កោះហ្គ្រីនឡែន​ សម្រាប់បើកស្ថានកុងស៊ុលថ្មី

អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី​ អានីតា អាណាន់ បានឧ្យដឹងថា នាវាល្បាតកងទ័ពជើងទឹកកាណាដា មួយគ្រឿង នឹងមានវត្តមាននៅពេល ដែលរដ្ឋាភិបាលសហព័ន្ធ បើកស្ថានកុងស៊ុលថ្មីនៅកោះហ្គ្រីនឡែននៅសប្តាហ៍ក្រោយ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

លោកស្រី អាន់ណាន់ បានឧ្យដឹង ជាមួយសារព័ត៌មាន The Canadian Press មុនពេលដំណើរទស្សនកិច្ចរបស់ លោកស្រីទៅកាន់រដ្ឋធានី Nuuk របស់កោះហ្គ្រីនឡែន ជាកន្លែងដែលលោកស្រី​ នឹងបើកស្ថានកុងស៊ុលថ្មីជាផ្លូវការ។

យោងតាមរបាយការណ៍ លោកស្រី អាន់ណាន់ នឹងត្រូវបានចូលរួមនៅទីនោះ ដោយនាវាល្បាតអាកទិក ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង របស់ប្រទេសកាណាដា ជាមួយប្រទេសអាកទិកដទៃទៀត។

ដំណើរទស្សនកិច្ចនៅកោះហ្គ្រីនឡែននេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ថ្មីៗនេះបានបន្ធូរបន្ថយការទាមទាររបស់លោក​ សម្រាប់សហរដ្ឋអាមេរិកក្នុងការ ទទួលបានទឹកដីជាផ្នែក មួយរបស់ដាណឺម៉ាក។

លោកបានគំរាមកំហែងដាក់ពន្ធ លើប្រទេសអឺរ៉ុប ដែលប្រឆាំងនឹងគំនិតនេះ និងបានបង្ហើបអំពីលទ្ធភាព នៃការប្រើប្រាស់កម្លាំងយោធា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Canadian Press៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top