ព័ត៌មានជាតិ

លោក ហួត ហាក់ គាំទ្រគំនិតផ្តួចផ្តើម​ របស់ក្រុមហ៊ុនឥណ្ឌូណេស៊ី លើការរៀបចំព្រឹត្តការណ៍ទេសចរណ៍ «ពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិ ICIA នៅកម្ពុជា»

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គាំទ្រ និងផ្តល់អនុសាសន៍តម្រង់ទិស លើគំនិតផ្តួចផ្តើម ក្នុងការរៀបចំព្រឹត្តិការណ៍​ជាលក្ខណៈអន្តរជាតិ «ពានរង្វាន់ច្នៃប្រឌិត នវានុវត្តន៍អន្តរជាតិ ICIA (International Creativity and Innovation Award)» របស់ក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) នៅកម្ពុជា ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Antonius Malem Barus សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន KRYA Global (ឥណ្ឌូណេស៊ី) ដឹកនាំដៃគូវិនិយោគពីសឹង្ហបូរី និងកម្ពុជា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ចូលជួបសម្តែង ការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងគម្រោងរៀបចំកម្មវិធី ទេសចរណ៍អប់រំ នៅទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ និងដោយមើលឃើញពីការរីកចម្រើន លើគ្រប់វិស័យរបស់កម្ពុជា កត្តាសុខសន្តិភាព សុវត្ថិភាព ពិសេសក្នុងវិស័យបដិសណ្ឋារកិច្ច និងទីកន្លែងរៀបចំកម្មវិធីធំៗ និងប្រណីតភាព លោកនាយក និងដៃគូសហការចម្រុះជាតិសាសន៍ បានសម្រេចចិត្តរៀបចំព្រឹត្តការណ៍ បែបទេសចរណ៍អប់រំ លំដាប់អន្តរជាតិនេះឡើង នៅកម្ពុជា ដោយរំពឹងថាអ្នកចូលរួម ពីបណ្តាប្រទេសនៅតំបន់អាស៊ាន និងប្រទេសដទៃទៀត ដែលលើសពី៧០០នាក់។​ ក្នុងឱកាសនោះ លោកនាយក ក៏បានគោរពអញ្ជើញ ឱ្យរដ្ឋមន្ត្រី ចូលរួមជាគណៈអធិបតី ក្នុងព្រឹត្តការណ៍បែប ទេសចរណ៍អន្តរជាតិដ៏ធំ ដែលគ្រោងរៀបចំនៅកម្ពុជា នាពេលខែមេសាខាងមុខផងដែរ។

ឆ្លើយតបនឹងការលើកឡើង របស់នាយកប្រតិបត្តិក្រុមហ៊ុនខាងលើនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមចំណែកដ៏សកម្ម និងនាំមកនូវលទ្ធផលគួរជាទីមោទនៈ របស់ក្រុមហ៊ុនដល់វិស័យទេសចរណ៍កម្ពុជាកន្លងមក និងគំនិតផ្តួចផ្តើមដ៏ល្អ និងមានតម្លៃបន្ថែមទៀតនាពេលនេះ។

ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ លោករដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែម​ លើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យគម្រោងរៀបចំ ព្រឹត្តការណ៍ទេសចរណ៍អប់រំដ៏ធំនេះ សម្រេចបានជោគជ័យ ដែលពិត ជាបង្កើនលំហូរភ្ញៀវឥណ្ឌូណេស៊ី និងពីបណ្តាប្រទេសអាស៊ាន កាន់តែច្រើន មកកាន់កម្ពុជា ៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top