ព័ត៌មានអន្តរជាតិ

ឥណ្ឌាចូលកាន់តែជ្រៅ ជាមួយសហភាពអឺរ៉ុប ក្នុងវិស័យការពារជាតិ

បរទេស៖ ប្រទេសឥណ្ឌា និង សហភាពអឺរ៉ុប បានចុះហត្ថលេខា លើកតិកាសញ្ញាមួយ ដែលអនុញ្ញាត ឱ្យប្រទេសឥណ្ឌាចូលរួមក្នុងគំនិតផ្តួចផ្តើម ការពារជាតិ របស់រដ្ឋជាសមាជិកសហភាពអឺរ៉ុប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ទូរទស្សន៍ NDTV របស់ឥណ្ឌា បានរាយការណ៍កាលពីថ្ងៃអង្គារថា ភាពជាដៃ គូសន្តិសុខ និងការពារជាតិ (SDP) នឹងអនុញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌា ចូលរួមក្នុងកម្មវិធីសកម្មភាពសន្តិសុខ សម្រាប់អឺរ៉ុប (SAFE) របស់សហភាពអឺរ៉ុប។ គំនិតផ្តួចផ្តើមរបស់សហភាព អឺរ៉ុបគឺជាឧបករណ៍ហិរញ្ញវត្ថុចំនួន ១៧៨ ពាន់លានអឺរ៉ូ ដែលបង្កើតឡើងដើម្បីផ្តល់មូលនិធិការពារជាតិដល់រដ្ឋជាសមាជិក។

កិច្ចព្រមព្រៀងនេះធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសអាស៊ីទីបីដែលបានចុះហត្ថលេខាលើភាពជាដៃគូការពារជាតិ និងសន្តិសុខជាមួយសហភាពអឺរ៉ុប បន្ទាប់ពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។

រដ្ឋមន្ត្រីក្រសួងការពារជាតិ ឥណ្ឌា លោក Rajnath Singh បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើ ភាពជាដៃគូបច្ចេកវិទ្យា និងការពារជាតិរវាងប្រទេសឥណ្ឌា និងសហភាពអឺរ៉ុប គឺជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្តលើសកម្មភាពនេះ ហើយវានាំយើងមកជាមួយគ្នា នៅក្នុងបរិយាកាសសកលលោក ដ៏ស្មុគស្មាញកាន់តែខ្លាំងឡើង”។

កិច្ចព្រមព្រៀងសន្តិសុខនេះ ផ្តោតលើបញ្ហាប្រឈមសន្តិសុខទំនើប និងវិស័យការពារជាតិដែលកំពុងលេចចេញ ហើយត្រូវបានភ្ជាប់ជាពិសេសទៅនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកសមុទ្រ សន្តិសុខតាមអ៊ីនធឺណិត និងប្រឆាំងភេរវកម្ម៕
ប្រែសម្រួលៈ ណៃ តុលា

To Top