ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆេះរថយន្ត លើផ្លូវល្បឿនលឿន

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងរថយន្តរបស់ខ្លួន ក្រោយផ្ទុះឆេះ បន្ទាប់ពីបើកបុករថយន្តដឹកប្រេង នៅលើកំណាត់ផ្លូវល្បឿនលឿន ម៉ោងប្រមាណ ៧និង៣០នាទីព្រឹកថ្ងៃទី២៨ មករា នេះ។

ហេតុការណ៍នេះ កើតឡើង នៅលើផ្លូវល្បឿនលឿនចំណុច (PK 93+400 )ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច មានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ (មូលហេតុបានស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆេះ នៅក្នុងរថយន្ត) រថយន្ដបើកបរក្នុងទិសដៅ ពីលិចទៅកើត (ព្រះសីហនុ-ភ្នំពេញ) លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត ម៉ាក SHACMAN ពណ៌ស-លឿង-បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7040 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ក្រោយកើតហេតុម្ចាស់រថយន្តគេចខ្លួន ។

ចំណែក រថយន្តម៉ាក LEXUS LX570 ឆេះទាំងស្រុងនៅកន្លែង ។ រីឯរថយន្តដឹកប្រេង មានការខូចខាតមួយ ផ្នែកខាងក្រោយ ។ កិច្ចអន្ដរាគមន៍ របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន បានចេញជួយនិងប្រើប្រាស់ ទឹកអស់មួយរថយន្ដ ។ បច្ចុប្បន្នរថយន្តទាំង២គ្រឿង កំពុងចាត់ចែងយកចេញពីកន្លែង កើតហេតុ មកកាន់ទីតាំងសុវត្ថិភាព ៕

To Top