ម៉ិកស៊ិក ប្រឈមមុខនឹងហានិភ័យ ធ្លាក់ចុះផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ២០២៦
ម៉ិកស៊ិក៖ ម៉ិកស៊ិក ប្រឈមមុខនឹង ហានិភ័យជាច្រើន ដែលអាចប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ ២០២៦ រួមទាំងការធ្លាក់ចុះ ដែលអាចកើតមាននៅក្នុងបរិយាកាស នៃភាពមិនប្រាកដប្រជាបច្ចុប្បន្ន ដែលបណ្តាលមកពីការផ្លាស់ប្តូរ ដែលអាចកើតមាននៅក្នុងគោលនយោបាយ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ធនាគារកណ្តាលម៉ិកស៊ិក (Banxico)។
នៅក្នុង “កម្មវិធីគោលនយោបាយរូបិយវត្ថុសម្រាប់ឆ្នាំ ២០២៦” របស់ខ្លួន Banxico បានឧ្យដឹងថា សេដ្ឋកិច្ចម៉ិកស៊ិក ត្រូវបានគេរំពឹងថានឹងកើនឡើង ១,១ ភាគរយនៅឆ្នាំ ២០២៦ និង ២ ភាគរយនៅឆ្នាំ ២០២៧ ដែលគាំទ្រដោយការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក និងកំណើនជាបន្តបន្ទាប់នៃការនាំចេញ។
ទោះជាយ៉ាងណាក៏ដោយ ធនាគារកណ្ដាលបានព្រមានអំពីភាពមិនប្រាកដប្រជាដែលមានស្រាប់ជុំវិញទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា ស្តីពីពាណិជ្ជកម្មសេរី ដែលកំពុងត្រូវបានពិនិត្យឡើងវិញ។
ធនាគារនេះបានឧ្យដឹងថា ការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកអាចធ្វើឲ្យប៉ះពាល់ដល់តម្រូវការពីខាងក្រៅ ការប្រើប្រាស់ និងការវិនិយោគនៅក្នុងប្រទេសម៉ិកស៊ិក បន្ថែមពីលើហានិភ័យនៃកំណើនសេដ្ឋកិច្ចអាមេរិក ដែលអាចនឹងយឺតជាងការរំពឹងទុក។
ហានិភ័យអវិជ្ជមានសំខាន់ៗផ្សេងទៀតដែលកំណត់ដោយ Banxico រួមមានស្ថានភាពដែលអាចកើតមានឡើងវិញនៃទីផ្សារហិរញ្ញវត្ថុ និងព្រឹត្តិការណ៍អាកាសធាតុមិនល្អដែលអាចប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក៕
ប្រែសម្រួល ឈូក បូរ៉ា
