ព័ត៌មានជាតិ

កម្ពុជាត្រៀមធ្វើចត្តាឡីស័ក ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនីប៉ាស៍

ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយភាគី ពាក់ព័ន្ធរៀបចំអនុវត្តការងារ ចត្តាឡីស័ក ដើម្បីត្រៀមធ្វើចត្តាឡីស័ក នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ នូវការនាំចូលជំងឺឆ្លងនានា ជាពិសេសជំងឺនីប៉ាស៍ ដែលកំពុងកើតមាន ក្នុងបណ្តាប្រទេសតំបន់អាស៊ី។

បើតាមលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញ ចុះពិនិត្យកាអនុវត្តការ ងារចត្តាឡីស័ក នៅអាកាសយានដ្ឋាន អន្តរជាតិតេជោ នៅថ្ងៃ២៨ មករា ដែលមានការចូលរួមពីលោកឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អិនវេសមិន ខូអិលធីឌី ឯ.ក (CAIC) បានថ្លែងសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជា មិនទាន់មានករណីជំងឺនីប៉ាស៍ នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាលមានភារកិច្ច ក្នុងការរៀបចំបង្ការ ការចម្លងចូលទៅក្នុងសហគមន៍។

លោករដ្ឋមន្រ្តីបន្តថា ក្នុងករណីមានការសង្ស័យ លើអ្នកដំណើរ ត្រូវអនុវត្តតាមនីតិវិធីស្តង់ដា ក្នុងការឆ្លើយតបគ្រោះអាសន្ន សុខភាពសារធាណៈនៅច្រកចេញចូលប្រទេស ដោយត្រូវមានការសហការគ្នាឱ្យបានជិតស្និតជាមួយគ្រប់ផ្នែកពាក់ព័ន្ធ អាកាសយានដ្ឋាន ក្រុមហ៊ុនហើរហោះ មន្ទីរពេទ្យជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត។

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្កត់ធ្ងន់ថា ជាជំហានបន្ទាប់ត្រូវមានលំហាត់សមយុទ្ធត្រៀមករណីមានសង្ស័យមកដល់ គិតតាំងការរកឃើញ ការដាក់ឱ្យនៅដាច់ដោយឡែក ការបញ្ជូន ការព្យាបាល និងការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

រដ្ឋមន្រ្តីសុខាភិបាល​បញ្ជាក់ថា “ត្រូវប្រុងប្រយ័ត្នខ្ពស់ កុំឱ្យមានការរបូតជំងឺនីប៉ាស៍ ចូលក្នុងប្រទេសរបស់យើង ហើយការការពារថ្ងៃនេះ អ្នកនឹងបានប្រសើរនៅថ្ងៃស្អែក”។

សូមបញ្ជាក់ថា ជំងឺនីប៉ាស៍ត្រូវបានផ្ទុះឡើងវិញ សារជាថ្មីនៅបណ្តាប្រទេសមួយចំនួន ក្រោយរដ្ឋាភិបាល នៃប្រទេសឥណ្ឌាប្រកាសរកឃើញ លើប្រជាពលរដ្ឋខ្លួនកាលពីប៉ុន្មានថ្ងៃមុន៕

To Top