ព័ត៌មានអន្តរជាតិ

ចិន​ បដិសេធការចោទប្រកាន់ របស់សហរដ្ឋអាមេរិក​ លើបញ្ហាសមុទ្រចិនខាងត្បូង

អង្គការសហប្រជាជាតិ ៖​ បេសកជនចិនម្នាក់បានបដិសេធ ការចោទប្រកាន់ របស់សហរដ្ឋអាមេរិកលើ បញ្ហាសមុទ្រចិនខាងត្បូង។​ ចិន​ បដិសេធយ៉ាងដាច់អហង្ការ​ ចំពោះការកត់សម្គាល់ខុសឆ្គង របស់តំណាងសហរដ្ឋអាមេរិកអំពី “ការទាមទារដែនសមុទ្រដ៏ធំទូលាយ និងខុសច្បាប់របស់ចិន” នៅក្នុងសមុទ្រចិនខាងត្បូង នេះបើយោងតាមលោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ។

លោកបានប្រាប់ការជជែកពិភាក្សាបើកចំហមួយរបស់ក្រុមប្រឹក្សាសន្តិសុខ​ ស្តីពីនីតិរដ្ឋអន្តរជាតិថា “ខ្ញុំចង់សង្កត់ធ្ងន់ថា ចិនមានអធិបតេយ្យភាព​ ដែលមិនអាចប្រកែកបានលើកោះ​ Nanhai Zhudao និងដែនទឹកជាប់គ្នា។ ចិនមានសិទ្ធិអធិបតេយ្យភាព និងយុត្តាធិការលើដែនទឹកពាក់ព័ន្ធ។ អធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិននៅសមុទ្រចិនខាងត្បូង​ គឺផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រ និងច្បាប់រឹងមាំ”។

លោកបានលេីកឡេីងថា «ខ្ញុំក៏ចង់
រំលឹកដល់តំណាងសហរដ្ឋអាមេរិកផងដែរថា សហរដ្ឋអាមេរិក​ មិនមែនជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិ​ ស្តីពីច្បាប់សមុទ្រ​(UNCLOS) នោះទេ ហើយខ្លួនគ្មានសិទ្ធិសន្មតខ្លួនឯងថាជាចៅក្រមនៃ UNCLOS និងចង្អុលម្រាមដៃដាក់ប្រទេសដទៃទៀតនោះទេ»។

សហរដ្ឋអាមេរិក ដោយមិនអើពើទាំងស្រុង ចំពោះបរិបទប្រវត្តិសាស្ត្រ និងការពិតជាក់ស្តែងទាក់ទងនឹងសមុទ្រចិនខាងត្បូង បានញុះញង់បញ្ហា និងសាបព្រោះភាពមិនចុះសម្រុងគ្នាគ្រប់ទីកន្លែង។ សហរដ្ឋអាមេរិកថែមទាំងបានដាក់ ពង្រាយអាវុធវាយប្រហារ រួមទាំងមីស៊ីលរយៈចម្ងាយមធ្យម​ ដែលមានមូលដ្ឋានលើដីគោក នៅក្នុងសមុទ្រចិនខាងត្បូង។

ហើយក្រោមលេសនៃ «សេរីភាពនៃការធ្វើនាវាចរណ៍» ខ្លួនបានបញ្ជូននាវា និងយន្តហោះទំនើបៗជាញឹកញាប់​ សម្រាប់ការឈ្លបយកការណ៍ និងសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង និងបានឈ្លានពានចូលទៅក្នុងដែនទឹក និងលំហអាកាសរបស់ប្រទេសចិន ក៏ដូចជាដែនទឹក និងដែនអាកាសជុំវិញកោះ និងថ្មប៉ប្រះទឹករបស់ប្រទេសចិនផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top