សម្ព័ន្ធមិត្តជិតស្និទ្ធបំផុត របស់ទីក្រុងវ៉ាស៊ីនតោន គឺ អារ៉ាប៊ីសាអូឌីត និង អេមីរ៉ាតអារ៉ាប់រួម ប្រកាសជាសាធារណៈមិន អនុញ្ញាតឱ្យអាមេរិកប្រើទឹកដី ឬដែនអាកាស របស់ប្រឆាំងនឹងអ៊ីរ៉ង់
បរទេស៖ សម្ព័ន្ធមិត្តនៅឈូងសមុទ្រ ដែលជិតស្និទ្ធបំផុត របស់ទីក្រុងវ៉ាស៊ីនតោន គឺប្រទេស អារ៉ាប៊ីសាអូឌីត និង ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្រកាសជាសាធារណៈថា ពួកគេនឹង មិនអនុញ្ញាតឱ្យទឹកដី ឬដែនអាកាសរបស់ពួកគេ ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធា ណាមួយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រះអង្គម្ចាស់រាជទាយាទ អារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ ប៊ីន សាលម៉ាន បានប្រាប់ប្រធានាធិបតីអ៊ីរ៉ង់ ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន យ៉ាងច្បាស់លាស់ នៅក្នុងការហៅទូរស័ព្ទ មួយកាលពីថ្ងៃអង្គារថា អារ៉ាប៊ីសាអូឌីត “នឹងមិនអនុញ្ញាតឱ្យដែនអាកាស ឬទឹកដីរបស់ខ្លួន ត្រូវបានប្រើប្រាស់សម្រាប់ សកម្មភាពយោធា ណាមួយប្រឆាំងនឹងអ៊ីរ៉ង់ទេ” ។ ការបញ្ជាក់នេះបានធ្វើឡើង បន្ទាប់ពីការប្រកាសស្រដៀងគ្នានេះកាលពីថ្ងៃចន្ទពី អេមីរ៉ាតអារ៉ាប់រួម ដែលបាននិយាយថាខ្លួន នឹងមិនផ្តល់ការគាំទ្រផ្នែកភស្តុភារ ឬបម្រើជាទីលានសម្រាប់ “សកម្មភាពយោធាអរិភាព” ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើយ។
ការបដិសេធទាំងនេះធ្វើឱ្យស្មុគស្មាញ ដល់ផែនការយោធា របស់សហរដ្ឋអាមេរិក ដោយសារប្រទេសទាំងពីរមាន ទ្រព្យសម្បត្តិយោធាអាមេរិកយ៉ាងច្រើន។ ប្រទេស អារ៉ាប៊ីសាអូឌីត តែមួយមានកងទ័ពអាមេរិកជាង ២.៣០០ នាក់ និងមានភាពជាដៃគូសន្តិសុខយូរអង្វែងជាមួយទីក្រុងវ៉ាស៊ីនតោន។ អេមីរ៉ាតអារ៉ាប់រួម មានបុគ្គលិកយោធាអាមេរិកប្រហែល ៥.០០០ នាក់នៅមូលដ្ឋានទ័ពអាកាស Al Dhafra នៅខាងក្រៅទីក្រុងអាប៊ូដាប៊ី ៕
ប្រែសម្រួលៈ ណៃ តុលា
