ព័ត៌មានជាតិ

កម្ពុជា-អង់គ្លេស ពង្រឹងភាព ជាដៃគូសេដ្ឋកិច្ច

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និង ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា រវាងកម្ពុជា-ចក្រភព អង់គ្លេស លើកទី៣ នៅព្រឹកថ្ងៃទី២៩ មករា នេះ ។
តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-អង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទ នៃការផ្លាស់ប្តូរសកល” ។ ប្រទេសទាំងពីរបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។

វេទិកានេះ រៀបចំឡើងក្នុងពេលដ៏ សំខាន់ក្នុងស្ថានភាពនៃការអភិវឌ្ឍ និងមហិច្ឆតារបស់កម្ពុជា ខណៈកម្ពុជា កំពុងបោះជំហានឆ្ពោះ ទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍ តិចតួចនៅឆ្នាំ២០២៩ និងការប្រកាសរបស់កម្ពុជាក្នុងការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាពេលថ្មីៗនេះ។ កម្ពុជា-អង់គ្លេសបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួន ចំពោះការធ្វើពាណិជ្ជកម្ម ដែលអាចព្យាករណ៍បាន និងផ្អែកលើច្បាប់ជាមូលដ្ឋានសម្រាប់កំណើន និងទំនុកចិត្តរបស់វិនិយោគិន។
វេទិកាពាណិជ្ជកម្ម និង វិនិយោគរួមគ្នា គឺជាវេទិកាទ្វេភាគីចម្បងរវាងប្រទេសទាំងពីរ សម្រាប់កិច្ចសន្ទនាគោលនយោបាយ កិច្ចសហប្រតិបត្តិការ លើច្រកចូលទីផ្សារ និងការចូលរួមរបស់វិស័យសាធារណៈ និងឯកជន។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបានក្លាយជាថ្ពាលចម្បង ក្នុងការលើកកម្ពស់ភាពជាដៃគូ ពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ដោយផ្តោតលើការអនុវត្តបានជាក់ស្តែង និងការចូលរួមដោយសកម្មនិងជាប្រចាំ វេទិកានេះ បានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តួអង្គពាក់ព័ន្ធ និងភាគីវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង កាលានុវត្តភាព ដែលបង្កើត បានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចបានសមិទ្ធផល សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែមានភាពទូលំទូលាយ និងល្អប្រសើរជាងមុន ។

លោកស្រីបញ្ជាក់ថា “តាមរយៈការពិនិត្យមើលវឌ្ឍនភាព ជាក់ស្តែងដែលយើងសម្រេចបាន និងការកំណត់ទិសដៅបន្ត ខ្ញុំមានការរំពឹងទុកយ៉ាងធំធេង ចំពោះវេទិកា JTIF លើកទី៣ ដែលលទ្ធផលសម្រេចបាននៅក្នុងវេទិកានេះ ខ្ញុំជឿជាក់ថា នឹងអាចបង្កើតនូវកាលានុវត្តភាពថ្មីៗ ដើម្បីជំរុញនិងពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ នៅក្នុងបរិបទសកលលោកដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់” ៕

To Top