ព័ត៌មានជាតិ

សម្តេចតេជោ ស្នើកូរ៉េ ចែករំលែកព័ត៌មាន នៃករណីសម្លាប់និស្សិតកូរ៉េ នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យភាគីកូរ៉េតាមរយៈទូតកូរ៉េប្រចាំកម្ពុជា ចែករំលែកព័ត៌មាន ពីករណីឧក្រិដ្ឋជន សម្លាប់និស្សិតកូរ៉េ នៅខេត្តកំពត ក្នុងទឹកដីកម្ពុជានាពេលកន្លងមក ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ និងលោក Kim Changyong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ថា សម្តេចតេជោ បានកោតសរសើរ ចំពោះក្រុមការងារ ចម្រុះរបស់កម្ពុជា-កូរ៉េ ដែលបានបង្កើតបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដែលទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ។

ជាមួយគ្នានេះ សម្តេចតេជោបានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសាររបស់និស្សិតកូរ៉េ ដែលបានស្លាប់ដោយសារការធ្វើទារុណកម្មនៅកម្ពុជា ប៉ុន្តែបែរជាឧក្រិដ្ឋជនសម្លាប់និស្សិតកូរ៉េខាងត្បូង ត្រូវបានរកឃើញ និងចាប់ខ្លួននៅប្រទេសថៃវិញ ។
សម្តេចតេជោ បានលើកឡើងជាចម្ងល់ថា ហេតុអ្វីបានជាឧក្រិដ្ឋជនបោកបញ្ឆោតនិស្សិតកូរ៉េ មកសម្លាប់នៅកម្ពុជាបាន? ដូច្នេះ សម្តេចតេជោបានស្នើភាគីកូរ៉េ ចែករំលែកអំពីករណីនេះ ដើម្បីឲ្យកម្ពុជាបានឈ្វេងយល់បន្ថែមទៀត ដើម្បីឈានទៅការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋអនឡាញឲ្យកាន់តែមានប្រសិទ្ធភាព ។

អ្នកនាំពាក្យបញ្ជាក់ថា “សម្តេចតេជោថា ថៃនិងកូរ៉េមានទំនាក់ទំនងកិច្ចសហការគ្នាល្អ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ម្លោះហើយសម្តេចចង់ឲ្យភាគីកូរ៉េខាងត្បូងសហការជាមួយថៃ ចែករំលែកព័ត៌មានទាក់ទងទៅនឹងការសម្លាប់និស្សិតកូរ៉េខាងត្បូង នៅកម្ពុជា ប៉ុន្តែឧក្រិដ្ឋជននោះ ត្រូវបានចាប់ខ្លួននៅទឹកដីប្រទេសថៃ” ។

ជាកិច្ចឆ្លើយតបឯកអគ្គរដ្ឋទូតកូរ៉េ បានថ្លែងអំណរគុណ ចំពោះការបង្កើតក្រុមការងាររវាងប្រទេសទាំងពីរ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈប្រធានាធិបតីកូរ៉េក៏បានកោតសរសើរផងដែរ ចំពោះការបង្កើតក្រុមការងាររវាងប្រទេសទាំងពីរ ។
ចំពោះសំណើររបស់សម្តេចតេជោស្នើឲ្យមានការចែករំលែក ចំពោះឧក្រិដ្ឋកម្មសម្លាប់និស្សិតកូរ៉េនោះ លោក Kim Changyong នឹងរាយការណ៍បន្ថែមទៅរដ្ឋាភិបាលកូរ៉េ ។

លោកសង្ឃឹមថា ភាគីកម្ពុជា-ថៃនិងកូរ៉េ នឹងធ្វើការសហការជាមួយគ្នាបន្ថែមទៀត លើការបង្ក្រាបបទល្មើសឧក្រិដ្ឋអនឡាញនេះឲ្យកានតែខ្លាំងក្លាថែមទៀត ។

សូមបញ្ជាក់ថា ករណីឧក្រិដ្ឋជន សម្លាប់និស្សិតកូរ៉េ នៅខេត្តកំពត បានកើតឡើង កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដែលកើតឡើងពីធ្វើទារុណកម្ម ពីសំណាក់ជនជាតិកូរ៉េខាងត្បូង និងជនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ។ ក្រោយករណីនេះកើតឡើង អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការបង្កើតក្រុមការងាររួមមួយរវាងកម្ពុជា-កូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ៕

To Top