អ្នកស្លាប់កើនដល់ ៤២នាក់ ដោយសារតែព្យុះព្រិល រដូវរងារដ៏ខ្លាំងក្លា នៅសហរដ្ឋអាមេរិក
បរទេស៖ យោងតាមសារព័ត៌មាន AP គឺ យ៉ាងហោចណាស់ មានមនុស្ស ៤២ នាក់បានស្លាប់នៅក្នុងព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ ដែលបន្តវាយប្រហារតំបន់ធំៗ នៅសហរដ្ឋអាមេរិក ។ ការធ្លាក់ចុះព្រិលយ៉ាងខ្លាំង ដែលបង្កឡើងដោយព្យុះនេះ បានបង្កឱ្យមានការរំខានយ៉ាងទូលំទូលាយ ពីភាគខាងត្បូងដល់ភាគឦសានប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំង និងសីតុណ្ហភាពត្រជាក់ខ្លាំងនេះ បានធ្វើឱ្យមានការកាត់ផ្តាច់អគ្គិសនី សម្រាប់អតិថិជនជាង ៥០០,០០០ នាក់ ដោយមានការដាច់ចរន្តអគ្គិសនីដ៏អាក្រក់បំផុតត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Tennessee រដ្ឋ Mississippi និងរដ្ឋ Louisiana ខណៈដែលក្រុមការងារបានធ្វើការដើម្បីស្តារចរន្តអគ្គិសនីឡើងវិញ ក្នុងអំឡុងពេលត្រជាក់ជាប់រហូត។
នៅ Nashville រដ្ឋ Tennessee មន្ត្រីមន្ទីរពេទ្យបានរាយការណ៍ថា កុមារចំនួន ៤៦ នាក់ត្រូវបានព្យាបាល សម្រាប់ការប៉ះពាល់នឹងកាបូនម៉ូណូអុកស៊ីត ខណៈដែលគ្រួសារនានាតស៊ូ ដើម្បីធ្វើឱ្យមានកំដៅផ្ទះ ក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីរយៈពេលយូរ ។ យោងតាមមន្ត្រីមូលដ្ឋាន ដូចដែលបានដកស្រង់ដោយសារព័ត៌មាន គឺមាន សាលារៀនសាធារណៈ នៅក្នុងទីក្រុងនឹងនៅតែបិទរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយសារតែការដាច់ចរន្តអគ្គិសនីយ៉ាងច្រើន ។
ចំណែកការធ្វើដំណើរត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទូទាំងប្រទេស ដោយក្រុមហ៊ុនអាកាសចរណ៍ American Airlines បានលុបចោលជើងហោះហើរជាង ៩,០០០ ដែលជាព្រឹត្តិការណ៍អាកាសធាតុដ៏រំខានបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍៕
ប្រែសម្រួលៈ ណៃ តុលា
