ក្រសួងការងារ បន្តពង្រឹងសមត្ថភាព មន្ត្រីលើបច្ចេក ទេសផ្សះផ្សា វិវាទការងារ តាមរយៈការផ្លាស់ប្តូរ បទពិសោធ ជាមួយអ្នកជំនាញអាម៉េរិក
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាព ការងារអន្តរជាតិ (ACILS) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការ ដោះស្រាយវិវាទការងារនៅកម្ពុជា និងការចែករំលែកបទ ពិសោធពីសហរដ្ឋអាម៉េរិក ។ ពិធីនេះត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដឹកនាំសម្របសម្រួលដោយ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោក William Conklin នាយកកម្មវិធីប្រចាំប្រទេសនៃ ACILS។

ក្នុងវគ្គបណ្តុះបណ្តាលនេះ អធិការការងារ និង មន្ត្រីផ្សះផ្សាវិវាទការងារចំនួន ៤៧ នាក់ បានសិក្សាឈ្វេងយល់យ៉ាងស៊ីជម្រៅ អំពីបច្ចេកទេសផ្សះផ្សា និងវិធីសាស្ត្រដោះស្រាយវិវាទការងារ ក្រោមការបង្វឹកផ្ទាល់ពីលោកសាស្ត្រាចារ្យ Richard D. Fincher នៃសាកលវិទ្យាល័យ Cornell និងលោក JC Gonzalez អាជ្ញាកណ្តាលការងារ មកពីសហរដ្ឋអាម៉េរិក។

ការបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និង ACILS ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យការងារ និងធានាបាននូវយន្តការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់នៅកម្ពុជា ។ លើសពីនេះ ការចែករំលែកចំណេះដឹងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ សមត្ថភាពមន្ត្រីជំនាញឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូរបទពិសោធជាក់ស្តែង រវាងប្រព័ន្ធដោះស្រាយវិវាទរបស់កម្ពុជា និងសហរដ្ឋអាម៉េរិក៕






