លោក ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការ យុទ្ធសាស្ត្រ ក្នុងការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ច ប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ អាណត្តិទី២ នៅទីស្នាក់ការកណ្តាល ប.ស.ស.។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពិនិត្យ និងកែសម្រួលឡើងវិញនូវផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកា ដើម្បីតម្រង់ទិសការ អនុវត្តការងារលើដំណើរ ការរបស់ ប.ស.ស. គឺជាវិធានការ ដ៏ចាំបាច់បំផុត ក្នុងគោលដៅធានា ឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខ សង្គម ដើម្បីការពារផលប្រយោជន៍ជូនសមាជិក ប.ស.ស. ឱ្យបានកាន់តែប្រសើរ ។

ទន្ទឹមនឹងនេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្តល់នូវមតិយោបល់ល្អៗ ក្នុងការកែលម្អនូវចំណុចខ្វះខាតកន្លងមក ក៏ដូចជាបានលើកជាសំណូមពរឱ្យ ប.ស.ស. ដំណើរការកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ប.ស.ស. ទាំងអស់ ដែលបាននិងកំពុង ខិតខំផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោកបានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល នៃប.ស.ស. សូមឱ្យបន្តបេសកកម្មដ៏ចាំបាច់នេះ ដើម្បីសម្រេចគោលដៅ ដែលបានរំពឹងទុក។

លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល បានធ្វើបទបង្ហាញ ជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាព នៃរបាយការណ៍ ផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកាប្រចាំឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្តកន្លងមក ។

សូមបញ្ជាក់ថា របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនោះរួមមាន៖ (១) ផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៦-២០២៨ (២) គម្រោងថវិកាប្រចាំឆ្នាំ២០២៦ (៣) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុម ប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស. (៤) សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីលាភការមុខងារក្រុមប្រឹក្សា ធនាភិបាល សន្តិសុខសង្គមនៃ ប.ស.ស. និង (៥) បញ្ហាផ្សេងៗ៕




