Breaking News :លោក ត្រាំ ប្រកាសអាសន្នជាតិជុំវិញ «ការគំរាមកំហែង ពីប្រទេសគុយបា»
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសអាសន្នជាតិ និងបានគំរាមដាក់ពន្ធខ្ពស់ លើប្រទេសណាមួយ ដែលផ្គត់ផ្គង់ប្រេងដល់ប្រទេសគុយបា ដែលធ្វើឲ្យសម្ពាធកាន់តែខ្លាំងឡើង លើទីក្រុងហាវ៉ាណា បន្ទាប់ពីប្រតិបត្តិការ យោធាអាមេរិក នៅវេណេស៊ុយអេឡា បានកាត់ផ្តាច់ប្រទេសកោះនេះ ចេញពីប្រភពថាមពលដ៏ សំខាន់បំផុតរបស់ខ្លួន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា បន្ទាប់ពីចាប់ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីដើមខែនេះ សហរដ្ឋអាមេរិកបានកំណត់គោលដៅ របស់ខ្លួនទៅលើប្រទេសគុយបា ដែលលោក ត្រាំ អះអាងថា «ត្រៀមខ្លួនរួចជាស្រេចដើម្បីដួលរលំ» បន្ទាប់មក។ នៅក្នុងបទបញ្ជាប្រតិបត្តិដែលបានចុះហត្ថលេខា កាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានដាក់ឈ្មោះប្រទេសគុយបាថាជា «ការគំរាមកំហែងដែលមិនធម្មតា» ចំពោះសន្តិសុខជាតិអាមេរិក។
បទបញ្ជានេះចែងថា «សហរដ្ឋអាមេរិកគ្មានការអត់ឱន ចំពោះការបំផ្លិចបំផ្លាញ របស់របបកុម្មុយនិស្តគុយបាទេ»។ «ខ្ញុំយល់ថា គោលនយោបាយ ការអនុវត្ត និងសកម្មភាពរបស់រដ្ឋាភិបាលគុយបា បានគំរាមកំហែងដោយផ្ទាល់ដល់សុវត្ថិភាព សន្តិសុខជាតិ និងគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក»។
បទបញ្ជានេះបង្កើតយន្តការមួយ ដើម្បីដាក់ពន្ធបន្ថែមដែលអាចធ្ងន់ធ្ងរលើការ នាំចូលពីប្រទេសណាមួយ ដែលត្រូវបានធ្វើដោយផ្ទាល់ ឬដោយប្រយោលដែលលក់ ឬផ្គត់ផ្គង់ប្រេងដល់ទីក្រុងហាវ៉ាណា ។ វាផ្តល់អំណាចយ៉ាងទូលំទូលាយ ដល់រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក ដើម្បីកំណត់អត្តសញ្ញាណអ្នករំលោភបំពាន និងណែនាំកម្រិតពន្ធដល់ប្រធានាធិបតី ៕
ប្រែសម្រួលៈ ណៃ តុលា
