លោក ហួត ហាក់ ៖ កម្ពុជា អនុវត្តជោគជ័យ នៃឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ២០២៤-២០២៥ ខណៈឥណ្ឌា ជាទីផ្សារដ៏មានសក្តានុពល
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា កម្ពុជា អនុវត្តដោយជោគជ័យ នៃឆ្នាំទេសចរណ៍ កម្ពុជា–ឥណ្ឌា ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលឥណ្ឌា គឺជាទីផ្សារមួយដ៏មានសក្តានុពល សម្រាប់កម្ពុជា ។

ខាងលើនេះ ជាការកត់សម្គាល់របស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១៣ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដោយមានការអញ្ជើញចូលរួម ពីរដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសសមាជិកអាស៊ានទាំង១១, លោកអគ្គលេខាធិការរងអាស៊ាន, លោកឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំអាស៊ាន ព្រមទាំងប្រតិភូប្រមាណ១០០នាក់ ក្រោមអធិបតីភាព របស់សហប្រធាន លោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និងលោក Gajendra Singh Shekhawat រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋឥណ្ឌា។

លោករដ្ឋមន្ត្រី ហួត ហាក់ បានកត់សម្គាល់ចំពោះវឌ្ឍនភាពវិជ្ជមាន ដែលសម្រេចបាន ក្រោមក្របខណ្ឌនៃផែនការ ការងារទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៣–២០២៧ ព្រមទាំងការអនុវត្តប្រកបដោយជោគជ័យ នៃឆ្នាំទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៥។ ក្នុងបរិបទនេះ កម្ពុជា ក៏បានបញ្ជាក់ផងដែរ អំពីការអនុវត្តដោយជោគជ័យ នៃឆ្នាំទេសចរណ៍ កម្ពុជា–ឥណ្ឌា ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដែលឥណ្ឌា គឺជាទីផ្សារមួយ ដ៏មានសក្តានុពលសម្រាប់កម្ពុជា។ ជាពិសេស ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ព្រមទាំងរវាងទីក្រុងសៀមរាប និងទីក្រុងកុលកាតា បានលើកកម្ពស់ភាពងាយស្រួល ក្នុងការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរឥណ្ឌា ឱ្យកើនឡើងបន្ថែមទៀត។

ជាមួយគ្នានេះ លោក ហួត ហាក់ ក៏បានថ្លែងផងដែរថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន–ឥណ្ឌាបន្ថែមទៀត យើងមានចំណុចអាទិភាពមួយចំនួន ដែលត្រូវយកចិត្តទុកដាក់ រួមមាន៖ ការលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍រួម ឱ្យកាន់តែមានប្រសិទ្ធភាព, ការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ផ្លូវអាកាស ផ្លូវសមុទ្រ និងទេសចរណ៍តាមនាវាទេសចរណ៍, ការពង្រឹងកិច្ចសហការ លើការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាពនិងបរិយាបន្ន, និង ការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការជំរុញការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។

ចំពោះកម្ពុជា គឺជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព និងបានត្រៀមខ្លួនជាស្រេច ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ភ្ញៀវទេសចរឥណ្ឌាបន្ថែមទៀត មកទស្សនាតំបន់ទេសចរណ៍បេតិកភណ្ឌ គោលដៅទេសចរណ៍សាសនា និងគោលដៅទេសចរណ៍ ផ្នែកសុខុមាលភាព ព្រមទាំងផលិតផលទេសចរណ៍ ដ៏សម្បូរបែបរបស់កម្ពុជា៕ ដោយ៖ ដារាត់| ដើមអម្ពិល





