វេណេស៊ុយអេឡា បដិសេធបទបញ្ជាប្រតិបត្តិ របស់អាមេរិក ដែលកំណត់គោលដៅប្រទេស ដែលធ្វើពាណិជ្ជកម្មជាមួយគុយបា
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានបដិសេធ បទបញ្ជាប្រតិបត្តិរបស់សហរដ្ឋអាមេរិក ដែលស្វែងរកការដាក់ចេញនូវអ្វីដែលហៅថា “វិធានការដាក់ទណ្ឌកម្ម” លើប្រទេសដែលរក្សាទំនាក់ទំនង ពាណិជ្ជកម្មជាមួយគុយបា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយតាមរយៈឆានែល Telegram របស់រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក Yvan Gil រដ្ឋាភិបាលបានឧ្យដឹងថា វិធានការណាមួយដែលរឹតត្បិត ឬធ្វើឱ្យការផ្លាស់ប្តូរទំនិញ និងសេវាកម្ម ឬការកំណត់សិទ្ធិអធិបតេយ្យភាព របស់រដ្ឋក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម របស់ពួកគេ គឺជាការរំលោភបំពានច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន ដែលគ្រប់គ្រងពាណិជ្ជកម្មសកល។
ប្រភពបានឧ្យដឹងថា ពាណិជ្ជកម្មសេរី គឺជាគោលការណ៍ជាមូលដ្ឋាន នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងរដ្ឋនានា ហើយ “មិនអាចស្ថិតនៅក្រោមទម្រង់ នៃការបង្ខិតបង្ខំណាមួយឡើយ” ដែលរារាំងដល់ការផ្លាស់ប្តូរទំនិញ និងសេវាកម្ម។
ទីក្រុងការ៉ាកាស ក៏បានសម្តែងសាមគ្គីភាពជាមួយគុយបា និងបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ “ដោះស្រាយផលវិបាកមនុស្សធម៌” ដែលអាចកើតឡើងពីសកម្មភាពដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល ឈូក បូរ៉ា
