ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ ដាក់កាលកំណត់​កិច្ចព្រមព្រៀង សម្រប់អ៊ីរ៉ង់ ខណៈដែលអាមេរិកបង្កើនសម្ពាធយោធា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានលើកឡើងថា សេតវិមានបានជូនដំណឹងជាឯកជនអំពីថ្ងៃផុតកំណត់ទៅកាន់អ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ខណៈពេលដែលបដិសេធមិនបង្ហាញពេលវេលាជាសាធារណៈ។

នៅពេលសួរដោយអ្នកយកព័ត៌មាននៅសេតវិមានថាតើអ៊ីរ៉ង់​ ត្រូវបានផ្តល់ថ្ងៃផុតកំណត់ឬអត់ លោក ត្រាំ បានឆ្លើយតបថា “មានតែពួកគេទេ​ ដែលដឹងច្បាស់”។

នៅពេលសួរអំពីថាតើមន្ទីរបញ្ចកោណមានពេលវេលាកំណត់​ ដើម្បីកាត់បន្ថយវត្តមានយោធា អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាដែរឬទេ លោក ត្រាំ បានឧ្យដឹងថា “យើងនឹងរង់ចាំមើលថា តើវាដំណើរការយ៉ាងដូចម្តេច។ ពួកគេត្រូវតែបង្ហាញខ្លួននៅកន្លែងណាមួយ ដូច្នេះពួកគេអាចបណ្ដែត ខ្លួននៅជិតអ៊ីរ៉ង់បាន”។

ការកត់សម្គាល់ចុងក្រោយរបស់លោក ត្រាំ បានកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន​ បង្កើនសម្ពាធយោធាលើប្រទេសនៅមជ្ឈិមបូព៌ា ជាកន្លែងដែលភាពចលាចលទូទាំងប្រទេសបានផ្ទុះឡើងចាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥។

លោក ត្រាំ​ បានឧ្យដឹងកាលពីថ្ងៃពុធថា «កងនាវាដ៏ធំមួយ» ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយបានព្រមានថា «ពេលវេលាជិតអស់ហើយ» សម្រាប់ទីក្រុងតេអេរ៉ង់​ ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top