ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ជាថ្មីថា​ នឹងមិនសម្របសម្រួលលើបូរណភាពទឹកដីនោះទេ

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានឧ្យដឹងថា មិនមានកិច្ចព្រមព្រៀងណា មួយត្រូវបានសម្រេចលើតំបន់ Donetsk ក្នុងអំឡុងពេលចរចាសន្តិភាពថ្មីៗនេះទេ ដោយបញ្ជាក់ជាថ្មីថា អ៊ុយក្រែនមិនបានត្រៀមខ្លួនរួចរាល់ក្នុងការប្រគល់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីនោះទេ។

លោក ហ្សេឡិនស្គី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform ថា “យើងត្រៀមខ្លួនរួចជាស្រេច​ សម្រាប់ការសម្របសម្រួល​ ដែលនាំទៅដល់ការ បញ្ចប់សង្គ្រាមពិតប្រាកដ ប៉ុន្តែវាពិតជាមិនទាក់ទងនឹង ការផ្លាស់ប្តូរបូរណភាពទឹកដីរបស់អ៊ុយក្រែននោះទេ”។

លោកបានលេីកឡេីងថា សហរដ្ឋអាមេរិកបានស្នើដំណោះស្រាយសម្របសម្រួល មួយដែលពាក់ព័ន្ធនឹងការបង្កើត តំបន់សេដ្ឋកិច្ចសេរីនៅក្នុងតំបន់ Donbas ដោយបន្ថែមថា អ៊ុយក្រែនស្នើថា ការគ្រប់គ្រងលើតំបន់នេះគួរតែត្រូវ បានចែកចាយតាមបណ្តោយខ្សែបន្ទាត់ជួរមុខ។

លោកបានសង្កត់ធ្ងន់ថា បញ្ហាទឹកដីទាំងអស់ត្រូវតែ ដោះស្រាយនៅកម្រិតមេដឹកនាំនៃប្រទេសនានា​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានស្នើផងដែរថា កិច្ចព្រមព្រៀង​ ស្តីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន​ គួរតែត្រូវបានចុះហត្ថលេខាមុនពេល បញ្ចប់កិច្ចព្រមព្រៀងសន្តិភាព៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top