ព័ត៌មានជាតិ

លោក ហួត ហាក់ ៖ វិស័យទេសចរណ៍កម្ពុជា ជួបផលប៉ះពាល់កាន់តែខ្លាំង ធ្វើឱ្យវិស័យនេះ កាន់តែមានភាពធន់

" "

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា មួយរយៈចុងក្រោយនេះ បានជួបប្រទះ នូវផលប៉ះពាល់ជាខ្លាំង ជុំវិញបញ្ហាសកល ជាពិសេសការប៉ះទង្គិតគ្នា នៅតាមព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យវិស័យទេសចរណ៍ រងឥទ្ធិពលជាអវិជ្ជមាន តែការណ៍នេះ បានធ្វើឱ្យវិស័យនេះ ក៏កាន់តែមានភាពធន់ផងដែរ ។

ការលើកឡើងរបស់លោក ហួត ហាក់ ខាងលើនេះធ្វើឡើង ក្នុងឱកាសអញ្ជើញដឹកនាំដំណើរការសន្និបាត បូកសរុបលទ្ធផលការងារ វិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ។

" "

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងទេសចរណ៍ ពិតជាបានខិតខំតស៊ូជម្នះគ្រប់ឧបសគ្គ ធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍កម្ពុជា កាន់តែមានភាពធន អ្វីជាសំណុចសំខាន់ ដែលជាមោទនភាពគឺថាទោះបីជួបកម្មវិបាកគ្រប់មុខគ្រប់ប្រភេទ យ៉ាងណាក៏ដោយ ប៉ុន្តែវិស័យទេសចរណ៍ កាន់តែមានភាពធន់ឡើងៗ ។ ធន់នឹងវិបត្តិដែលជាក្តីសង្ឃឹមយ៉ាងសកម្ម សម្រាប់ទៅអនាគត ដែលនឹងទាក់ទាញភ្ញៀវ ទេសចរអន្តរជាតិ ឱ្យចូលមកទស្សនានៅកម្ពុជា ឱ្យបានកាន់តែច្រើនឡើង ។

" "

លោក ហួត ហាក់ លើកឡើងថា លទ្ធផលផលនៃការវាយតម្លៃបានបង្ហាញថា ការប៉ះទង្គិតគ្នា ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្កជាផលវិបាកអវិជ្ជមានខ្លះ ដល់វិស័យទេសចរណ៍កម្ពុជា ពោលគឺមិនត្រឹមតែប៉ះពាល់ ដល់ការធ្វើដំណើរ រវាងពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ នោះទេ ក៏ប៉ុន្តែបានប៉ះពាល់ដល់គម្រោង ទេសចរណ៍របស់ប្រទេសទី៣ ដែលមានបំណងចូលមកប្រទេសកម្ពុជាផងដែរ ។

លោក ហួត ហាក់ មានប្រសាសន៍ថា “ទោះជាយ៉ាងណាក៏ដោយ ដូចខ្ញុំបានបញ្ជាក់មុននេះថា វិស័យទេសចរណ៍របស់យើង កាន់តែប្រឈម យើងកាន់តែមានភាពធន់” ។

ជាក់ស្តែងនៅចំពោះមុខបញ្ហាប្រឈមទាំងនេះ ក្រសួងទេសចរណ៍ ក៏បាននិងកំពុងតាមដានស្ថានការណ៍ដោយយកចិត្តទុកដាក់ និងម៉ឹងម៉ាត់ រួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីប្រែក្លាយការព្រួយបារម្ភទាំងឡាយ ឱ្យទៅជាកត្តាលិករ ដ៏រឹងមាំមួយ ដោយថ្លឹងថ្លែងនូវសភាពការ ដើម្បីដាក់ចេញនូវវិធានការឆ្លើយតប​មុតស្រួល ឱ្យទាន់ពេលវេលា សំដៅរក្សាឱ្យបាននូវចលនា នៃខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងវិស័យទេសចរណ៍ ព្រមទាំងបានប្រែក្លាយបញ្ហាប្រឈម ឱ្យទៅជាកាលានុវត្តភាព តាមរយៈការដាក់ចេញ នូវសកម្មភាពជាក់ស្តែង ជាពិសេសការជំរុញចរន្ត នៃទេសចរណ៍ក្នុងស្រុក ជំរុញប្រជាជនកម្ពុជា ឱ្យរួមគ្នាជួយវិស័យទេសចរណ៍កម្ពុជា ខណៈពេលដែលស្មារតីស្នេហាជាតិកម្ពុជាកំពុងពុះកញ្ច្រោល ហើយចលនារួបរួមជាតិក៏កំពុងតែកើនឡើង ដែលនេះ គឺជាឱកាសពិសេសមួយ ក្នុងការជំរុញការធ្វើពិពិតកម្មផលិតផលទេសចរណ៍ និងពង្រឹងឧត្តមភាពប្រកួតប្រជែង របស់វិស័យទេសចរណ៍កម្ពុជា៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top