ព័ត៌មានជាតិ

អគ្គលេខាធិការ បក្សកុម្មុយនីស្ត វៀតណាម នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នាថ្ងៃ៦ កុម្ភៈ

" "

ភ្នំពេញ ៖ លោក តូ ឡឺម អគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនាថ្ងៃ៣ កុម្ភៈ បានឱ្យដឹងថា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។

" "

ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យអគ្គលេខាធិការបក្ស តូ ឡឹម ចូលគាល់ ដើម្បីធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយសជូនអគ្គលេខាធិការបក្ស នៅព្រះបរមរាជវាំង។
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាត ឱ្យលោក តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅព្រះរាជដំណាក់ផងដែរ ។

" "

អគ្គលេខាធិការបក្ស គ្រោងនឹងអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីត ព្រះមហាក្សត្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម ។
លោក តូ ឡឹម នឹងមានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។
ទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការ តូ ឡឹម នឹងពង្រឹងថែមទៀត នូវទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា-វៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួម ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាអ្នកជិត ខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរ ៕

To Top