ព័ត៌មានជាតិ

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញ ក្នុងសន្និបាតក្រសួងមហាផ្ទៃ

" "

ភ្នំពេញ ៖ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធ ជូនអង្គសន្និបាត អំពីប្រធានបទស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបទពិសោធនៃការស្ដាររំដោះប្រឡាយលូ និងចិញ្ចើមផ្លូវ។

វត្តមាន លោក ប៉ាង លីដា ក្នុងសន្និបាតក្រសួងមហាផ្ទៃ បានធ្វើឡើងតបតាមសំណូមពររបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួប កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។ កាលនោះ ឧបនាយករដ្ឋមន្ដ្រី បានស្នើលោក ប៉ាង លីដា ត្រៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ។

" "

សូមបញ្ជាក់ថាក្នុងសន្និបាត រយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃស្អែកនេះតទៅ ក្រសួងមហាផ្ទៃ បានរៀបចំបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ ប្រធានបទសំខាន់ៗរហូតដល់ទៅ១១ឯណោះ។ សន្និបាតនេះ នឹងប្រារព្ធពិធីបើកក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រី ស សុខា និងប្រារព្ធពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

" "
To Top