ក្រសួងការងារ និងតំណាងUNថ្មី ដាក់គោលដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលជំនាញ
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី វ៉្លាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិថ្មី ប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះលោកស្រី ដែលត្រូវបានតែងតាំងជា អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិថ្មី ប្រចាំកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរួមគ្នាក្នុងការអនុវត្តកម្មវិធីនានា ដែលសម្រេចបាននូវសមិទ្ធផលដ៏ធំធេង គួរជាទីមោទនៈ តាមរយៈទំនាក់ទំនងដ៏ យូរអង្វែងនាពេលកន្លងមក។

ទន្ទឹមនឹងនេះ លោកបានមានប្រសាសន៍អំពីយុទ្ធសាស្រ្ត សម្រាប់ការបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក៏ដូចជាកម្មវិធីការងារ សម្រាប់យុវជន តាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), កម្មវិធីមុខរបរ និងការងារសមរម្យ សម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) និងការអនុវត្តផែនទី បង្ហាញផ្លូវកាតាលីករសកល។

ជាមួយគ្នានេះ លោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ, ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត, ការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គម និងការផ្តល់ឱកាសការងារសម្រាប់យុវជន ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃតាមរយៈការរៀបចំវេទិកាការងារនៅទូទាំងប្រទេស។

លោកបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួន ជាស្រេចក្នុងការបន្តពង្រឹងភាព ជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិ ដោយបង្ហាញ ការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដំណាក់កាលបន្ទាប់នេះ នឹងផ្តោតសំខាន់ លើការអភិវឌ្ឍជំនាញសម្រាប់យុវជន និងកម្លាំងពលកម្មកម្ពុជា ប្រកបដោយផលិតភាពខ្ពស់ ប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ដែលស្របតាមគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

ជាការឆ្លើយតប លោកស្រី អាន់ឌ្រេវ៉ា បានកោតសរសើរ ចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងបានបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់ អង្គការសហប្រជាជាតិ ដែលបានត្រៀមខ្លួនរួចជា ស្រេចក្នុងការបន្តកិច្ចសហការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព តាមរយៈវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ភាពរហ័សរហួន និងការសម្របសម្រួលយ៉ាងល្អ ដើម្បីកសាងអនាគតដែលរួមបញ្ចូល និងមានភាពធន់ សម្រាប់ប្រជាជនកម្ពុជា ។

លោកស្រីមានជំនឿយ៉ាងមុតមាំថា ភាពជាដៃគូដ៏ចាំបាច់នេះនឹង ចូលរួមចំណែកយ៉ាងសំខាន់ ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕


