សាលាក្រុងស្ទឹងត្រែង ចាត់វិធានការ ចំពោះអាជីវកររឹងចចេស ដែលរំលោភយកចិញ្ចើមផ្លូវ ធ្វើអាជីវកម្ម
ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរក្រុងស្ទឹងត្រែង បានសម្រេចចាត់វិធានការ តឹងរ៉ឹង ចំពោះអាជីវករ ដែលនៅតែបន្តរំលោភ យកចិញ្ចើមផ្លូវសាធារណៈ ធ្វើជាទីតាំងលក់ដូរ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងរំខានដល់ការធ្វើចរាចរណ៍ បើទោះបីជាមានការណែនាំជាច្រើនលើកច្រើនសារក៏ដោយលោក ថាវ ប៊ុនថេន អភិបាលរងក្រុងស្ទឹងត្រែង បានបញ្ជាក់ក្នុងឱកាស ចុះរៀបចំសណ្តាប់ធ្នាប់ថា អាជ្ញាធរនឹងបង្កើនប្រសិទ្ធភាព ការងារនៅតាមសង្កាត់នីមួយៗ លោកបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ ដូចជា ជុំវិញផ្សារសាមគ្គីស្ទឹងត្រែង (ខាងជើង ត្បូង និងកើត) ដែលមានការរំលោភផ្លូវយ៉ាងអនាធិបតេយ្យ ។

លោក សឺន មុន្នីរ័ត្ន ប្រធានគណៈអាជីវករផ្សារសាមគ្គី បានលើកឡើងថា កន្លងមកលោកបានណែនាំឱ្យអាជីវករលក់ត្រឹម ខ្សែគំនូសដែលបានកំណត់ ប៉ុន្តែអ្នកលក់ភាគច្រើនអនុវត្តបានតែមួយភ្លែត ក៏ត្រឡប់មកសភាពដើមវិញ។
អាជ្ញាធរក្រុងស្ទឹងត្រែង នៅតែបន្តអំពាវនាវ ឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង និងបរិស្ថានឱ្យកាន់តែប្រសើរឡើង សម្រាប់ទាក់ទាញភ្ញៀវទេសចរ ៕ ដោយ ដើមអំពិលស្ទឹងត្រែង




