ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូឡុំប៊ី ជួបជាមួយលោក ដូណាល់ ត្រាំ នៅសេតវិមាន បន្ទាប់ពីមានជម្លោះពាក្យ សម្តីជុំវិញបញ្ហា ជួញដូរគញរឿងញៀន

បរទេស៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបពិភាក្សាជាមួយប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ នៅសេតវិមាន នៅថ្ងៃអង្គារ ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីមេដឹកនាំទាំងពីរ បានប្រមាថគ្នា ទៅវិញទៅមកជុំវិញការជួញដូរគ្រឿងញៀន និងការឆ្មក់ចូល របស់យោធាអាមេរិកនៅវេណេស៊ុយអេឡា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានលុបចោល ទិដ្ឋាការរបស់ប្រធានាធិបតី កូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ កាលពីឆ្នាំមុន បន្ទាប់ពីលោក ប៉េត្រូ បានថ្កោលទោសការ វាយប្រហាររបស់លោក ត្រាំ លើទូកក្រុមជួញដូរគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីនថា “ព្រៃផ្សៃ” ហើយបានអះអាងថា ការនិរទេសជនជាតិកូឡុំប៊ីដោយមន្ត្រីអន្តោប្រវេសន៍អាមេរិក គឺបានរំលោភសិទ្ធិមនុស្ស។ លោក ត្រាំ បានហៅលោក ប៉េត្រូ វិញថា ជា “មេដឹកនាំជួញដូរគ្រឿងញៀន” ។ មេដឹកនាំទាំងពីរបានបញ្ចេញសំឡេងផ្សះផ្សាវិញ មុនពេលដំណើរទស្សនកិច្ច របស់លោក ប៉េត្រូ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យ Oval ថា “គាត់ និងខ្ញុំមិនមែនជាមិត្តល្អបំផុតនោះទេ ប៉ុន្តែខ្ញុំមិនត្រូវបានគេប្រមាថទេ ព្រោះខ្ញុំមិនដែលជួបគាត់ ។ ខ្ញុំមិនស្គាល់គាត់ទាល់តែសោះ ហើយយើងចុះសម្រុង គ្នាល្អណាស់” ។ មេដឹកនាំទាំងពីរបានពិភាក្សាអំពីទណ្ឌកម្ម និងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជួញដូរគ្រឿងញៀន ដោយមិនបានពន្យល់លម្អិត។

លោក ប៉េត្រូ បាននិយាយដូច ដែលបានដកស្រង់ដោយ BBCថា កិច្ចពិភាក្សាគឺ “វិជ្ជមានខ្លាំងណាស់” ទោះបីជាមានភាពខុសគ្នាក៏ដោយ ។ លោកថា «យើងអាចខុសគ្នាខ្លាំងពីទស្សនៈអរិយធម៌ ឬប្រវត្តិសាស្ត្រ ប៉ុន្តែអ្វីដែលយើងចែករំលែកគឺសេចក្តីស្រឡាញ់ចំពោះសេរីភាព ហើយនោះជាកន្លែងដែលការសន្ទនាបានចាប់ផ្តើម ជាមួយនឹងគំនិតដែលថា កតិកាសញ្ញាសម្រាប់ សេរីភាពអាចត្រូវបានធ្វើឡើង» ៕
ប្រែសម្រួលៈ ណៃ តុលា

To Top